CDC ទើបអនុម័តគម្រោងវិនិយោគ២ថ្មីទៀត មានទឹកប្រាក់១៧លានដុល្លារ (Video inside)
08-06-2019 06:57
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបចេញសេចក្តីប្រកាសព័ត៌មានតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន២ទៀត ដែលមានទឹកប្រាក់វិនិយោគ១៧លានដុល្លារអាមេរិក។
គម្រោងបើករោងចក្រផលិតបារី របស់ក្រុមហ៊ុន GLOBAL NEW MATERIALS RESEARCH AND DEVELOPMENT TECHNOLOGY CO.,LTD. ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគនេះ តែពុំមានការលើកទឹកចិត្តផ្នែកពន្ធនោះឡើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក ឃុំព្រៃអង្កុញ ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧៥កន្លែង។
ចំណែកគម្រោងមួយទៀត គឺ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ក្រុមហ៊ុន ZHEJIANG HENGFENG TOP LEISURE (CAMBODIA) CO., LTD. ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៣០៦កន្លែង៕