(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារទី៩ ផ្នែកឯកជន-ផ្នែកស្រូវអង្ករ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក សុខ ពុទ្ធិវុធ សហប្រធានក្រុមការងារ ដើម្បីបន្តពិភាក្សាទៅលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguard»។
នៅក្នុងកិច្ចប្រជុំនេះ សហប្រធានក្រុមការងារ បានជម្រាបជូនអង្គប្រជុំថា យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបរួចទៅហើយ ដោយពេលវេលានៃការប្តឹងនេះបានកំណត់ឱ្យដាក់ពាក្យមិនឱ្យលើសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក សមាជិកអង្គប្រជុំទាំងអស់បានផ្តល់មតិឯកភាពទាំងស្រុងនិងបានលើកដៃគាំទ្រ១០០% លើការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបករណី «ការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguardនេះ» ព្រមទាំងអង្គប្រជុំស្នើសុំជម្រុញឱ្យមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា និងលើកយកករណីនេះទៅតវ៉ាតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក(WTO) ថែមទៀតផង៕