(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជួយលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេស ទទួលបានការពេញចិត្ដយ៉ាងខ្លាំង ពីប្រជាជន លើសេវាព្យាបាលដោយឥតគិតថ្លៃ និងចុះមកព្យាបាលក្បែរគេហដ្ឋានរបស់ពួកគាត់តែម្ដង ។

ជាក់ស្ដែងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា ជិត១ពាន់នាក់។

ក្នុងឱកាស លោកយាយចាស់ជរា គីម មួយ អាយុ៨០ឆ្នាំ រស់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា «យើងខ្ញុំសប្បាយចិត្ដណាស់ពេលបានលោកគ្រូ អ្នកគ្រូពេទ្យ មកព្យាបាលជំងឺឱ្យឥតគិតលុយទេ ហើយគាត់យកចិត្ដទុក្ខដាក់ទៀត។ ខ្ញុំចាស់ហើយ ឈឺក៏ច្រើន ពិបាកដើរ ហើយមិនសូវមានលុយកាក់ទេ តែពេលដែលពេទ្យមកព្យាបាលដល់មុខផ្ទះតែម្ដង ខ្ញុំពិតជាត្រេកអរណាស់ អរគុណហើយលោកគ្រូអ្នកគ្រូពេទ្យ ។សូមឱ្យលោកគ្រូពេទ្យទាំងអស់ ចុះព្យាបាលពួកខ្ញុំបន្ដទៀតផង»

ចំណែកឯអ្នកស្រី ផែ សួន ដែលមកទទួលសេវាពិនិត្យដោយឥតគិតថ្លៃនេះ ក៏ឱ្យដឹងផងដែរថា «យើងខ្ញុំសប្បាយចិត្ដណាស់ និងអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលមកមើលជំងឺពួកខ្ញុំ ឥតយកលុយ ហើយបានបើកថ្នាំ និងវែនតាឱ្យទៀត។ កូនចៅក៏សូមអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលយកចិត្ដទុក្ខដាក់លើសុខភាពប្រជាពលរដ្ឋរហូត»

ទន្ទឹមនឹងនោះផងដែរ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ បានថ្លែងថា «ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ មកព្យាបាលប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា ដោយឥតគិតថ្លៃនេះ គោលដៅចម្បង គឺដើម្បីផ្ដល់ភាពងាយស្រួល និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនពូមីង តាយាយ និងក្មួយៗមួយផ្នែក ហើយយើងនឹងបន្ដចុះព្យាបាលដោយឥតគិតថ្លៃនេះបន្ដទៅទៀត។ ថ្ងៃនេះ យើងមានសេវាពិនិត្យព្យាបាលបងប្អូន ទាំងជំងឺជំងឺទូទៅ ជំងឺសើរស្បែក ជំងឺផ្លូវចិត្ដ ជំងឺមនុស្សចាស់ ត្រចៀក ច្រមុះ បំពង់ក ភ្នែក ជំងឺមាត់ធ្មេញ និងចែកវែនតាជាដើម »

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងនាមយើងជាមន្ដ្រី លោកគ្រូ អ្នកគ្រូពេទ្យ ប្ដេជ្ញាបំពេញនូវកាតព្វកិច្ច ជាអ្នកបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់សេវាមួយនេះឲ្យកាន់តែប្រសើរ ដូច្នេះ ប្រសិនបើបងប្អូនមានសុខភាពមិនសូវស្រួល សូមមកទទួលសេវាពិនិត្យ ២៤ម៉ោង/២៤ម៉ោង នៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះលោកតា លោកយាយ ពូមីង បងប្អូនដែលនៅក្បែរ និងជិតផ្ទះ»

រដ្ឋមន្ត្រីបានថ្លែងទៀតថា «នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវមានអនាម័យលើចំណីអាហារកុំឱ្យរាករូស និងត្រូវបោសសម្អាត ជុំវិញលំនៅឋាន ដែលខ្លួនរស់នៅ ជាពិសេសលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវកំទេចក្បាល និងបាតកំប៉ុង ដើម្បីកុំឱ្យដក់ទឹកបាន ដែលធ្វើឱ្យមានប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។លើសពីនោះ រដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាលរដ្ឋ កុំពិសា ប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ដើម្បីជៀសផុតពីជំងឺផ្សេងៗ៕