(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពវិជ្ជាមានជាច្រើន ហើយបានជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនឡើងជាបន្តបន្ទាប់។

ការគួសបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាងនៅតាមប្រទេសអាស៊ានរៀបចំឡើងដោយលោកស្រី អេវ៉ា ង្វៀនប៊ីញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា នៅរាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអង្គពិធី។ ជាពិសេសចំពោះទីប្រឹក្សាបារាំងនៅអាស៊ាន ធុរជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងពិធី។

លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីថា កម្ពុជាជាប្រទេសមានភាពបើកទូលាយ និងគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច។ តាមរយៈគោលនយោបាយគាំទ្រធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបារាំង បានឈានទៅដល់ចំនួន ១,២៦លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ ស្មើនឹងកំណើនចំនួន ៩,២% ពីឆ្នាំ២០១៧ ដោយ ៩១% នៃទំហំពាណិជ្ជកម្មនេះ គឺជាការនាំចេញពីកម្ពុជាទៅប្រទេសបារាំង។

លោករដ្ឋមន្ត្រី បានយកវេទិកានេះ ជម្រាបជូនអំពីការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានាបានសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តកម្មវិធីកំណែទម្រង់នានា ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ដោយទាំងអស់នេះជាចក្ខុវិស័យដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥។

ក្រៅពីនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ក៏ដូចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយផ្សេងទៀត គឺការចុះបញ្ជីស្រាសាំប៉ាញ ជាផលិតផលកំណត់ភូមិសាស្ត្រនៅកម្ពុជា៕