(សៀមរាប)៖ ថ្លែងក្នុងវេទិកាស្តីពីពន្ធដារ ឆ្នាំ២០១៩ នៅខេត្តសៀមរាប លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានទម្លាយនូវមូលហេតុដែលនាំឲ្យ មានការបង្វិលសងនូវឥណទានអាករលើតម្លៃបន្ថែម (VAT) យឺត ដោយសារតែការដាក់លិខិតស្នើសុំការបង្វិលសងឥណទាន អាករលើតម្លៃបន្ថែម ដោយដៃ ពិនិត្យឃើញថាខុសរហូតដល់៦០ ទៅ៧០ភាគរយ។ លោកថា រាជរដ្ឋាភិបាលគ្មានឥណទាន យកឲ្យក្រុមហ៊ុនឯកជន ខណៈដែលរាជរដ្ឋាភិបាលប្រមូលថវិកាពីអ្នកផ្គត់ផ្គង់មកមិនបាននោះទេ។
លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឈឺណាស់នៅពេលគេរអ៊ូរឿងការបង្វិលសងឥណនាទអាករលើតម្លៃបន្ថែមយឺត ព្រោះខ្ញុំចង់ធ្វើកំណែទម្រង់ឲ្យល្អ [...] ឧទាហរណ៍គ្រាន់តែដាក់ពាក្យសុំប្រាក់បង្វិលសងដោយដៃ គ្រាន់តែយើងឆែកមើលការ Claim ឥណទានយោងរបស់អ្នកជាប់ពន្ធខុស៦០ ទៅ៧០ភាគរយ។ ហេតុអីបានវាយូរ ? ខ្ញុំសូមទម្លាយនូវអាថ៌កំបាំងបន្តិចចុះ ពីព្រោះរដ្ឋគ្មានឥណទានណាយកទៅឲ្យឯកជន ដែល Claim VAT ពីរដ្ឋហើយ ហើយរដ្ឋទៅប្រមូលពីអ្នកផ្គត់ផ្គង់មកអត់បាននោះទេ។ អីចឹងហើយបានជាមានការយឺត»។
លោកអគ្គនាយកបានបញ្ជាក់ថា ការប្រកាសដាក់ឲ្យអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយដ្ឋានពន្ធដារ (Online-VAT Refund and Online-VAT Credit) គឺជាយន្តការពង្រឹងនូវអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល និងឯកជនផងដែរ៕