(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហៅកាត់ថា CSX នាព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី Executive Talks 2019 ជាលើកទី៣ ក្រោមប្រធានបទ «ហិរញ្ញប្បទានអាជីវកម្ម និងការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ»។

កម្មវិធីនេះត្រូវបានចូលរួមជាអធីបតីដោយលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, លោក HA Jong Weon អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, លោក JOJO MALOLOS អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងលោក BEKZOD RUZMETOV ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៃធនាគារ ABA ដែលបានផ្ដល់កិត្តិយសចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះផងដែរ។

កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម និងមានការចូលរួមយ៉ាងច្រើនកុះករ ដែលភាគច្រើនជាថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញរបស់ធនាគារ ក្រុមហ៊ុនវិនិយោគ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតតាមសាកលវិទ្យាល័យនានាមួយចំនួនផង។​ កម្មវិធីត្រូវបានចាប់ផ្ដើមឡើង ដោយការធ្វើបទបង្ហាញរបស់លោក HA Jong Weon ស្ដីពីសារៈសំខាន់នៃទីផ្សារមូលធន ដែលលោកបានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ នៃការឈានជើងចូលទីផ្សារមូលបត្រ ដែលជាកាតាលីករដ៏សំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

បន្ទាប់មកវាគ្មិនកិត្តិយសទាំង២រូប បានចែករំលែកពីស្ថានភាពអាជីវកម្ម ផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ រីឯ លោក ហុង សុហួរ ក៏បានធ្វើបទបង្ហាញស្តីពីការធ្វើហិរញ្ញប្បទានអាជីវកម្មក្នុងសម័យថ្មី ដោយការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ដើម្បីឱ្យតម្លៃរបស់ក្រុមហ៊ុនមានកំណើនឆាប់រហ័ស និងមានសន្ទុះលឿនជាងដៃគូប្រកួតប្រជែងរបស់ខ្លួន។

ចំណែកឯនៅក្នុងវេទិកាពិភាក្សាវិញ អ្នកចូលរួមក៏បានលើកជាសំនួរច្រើន ទាក់ទងទៅនឹងយុទ្ធសាស្ត្រទីផ្សាររបស់ស្ថាប័នទាំងពីរ ដើម្បីក្លាយខ្លួនទៅជាស្ថាប័នឈានមុខគេ ដោយទទួលបានទំនុកចិត្ត និងកំណើននៃការប្រើប្រាស់សេវាកម្មយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយលោក JOJO និងលោក BEKZOD គឺជាអ្នកជំនាញបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FINTECH) លោកទាំងពីរក៏បានជជែកវែកញែកទៅលើទំនោរនៃភាពរីកចម្រើន នៃបច្ចេកវិទ្យាក្នុងពេលអនាគត និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍវិស័យធនាគារក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនដូចប្រទេសជឿនលឿនផងដែរ។

កម្មវិធីនេះទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដោយអ្នកចូលរួមបានចោទជាសំនួរផ្សេងៗយ៉ាងច្រើន ទៅកាន់វាគ្មិនក្នុងរូបភាពស្និទ្ធស្នាល និងប្រកបដោយបរិយាកាសសប្បាយរីករាយ។

គួររំលឹកផងដែរថា Executive Talks គឺជាកម្មវិធីដែលមានលក្ខណៈជាសេរី និងត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ២០១៧មកម្ល៉េះ ហើយទទួលបានការគាំទ្រ​ និងចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយស ជារៀងរាល់កម្មវិធីផងដែរ៕