(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា សិង្ហបុរី ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានរួមគ្នាគាំទ្រចលនាតស៊ូរបស់កងទ័ពខ្មែរក្រហម និងប្រឆាំងការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរក្នុងទសវត្សរ៍ឆ្នាំ១៩៨០ តាមរយៈការទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេលជាង ១០ឆ្នាំ។

ការលើកឡើងរបស់លោក ឈាង វុន ធ្វើឡើងជាប្រតិកម្មតបទៅនឹងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បន្ទាប់ពីរូបលោកបានលើកឡើងដោយចោទប្រកាន់វៀតណាមថា បានឈ្លានពានប្រទេសកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ៨០។

លោក ឈាង វុន បានអះអាងថា សកម្មភាពវៀតណាមចូលមកកម្ពុជានាទសវត្សរ៍ឆ្នាំ៨០ ជាសកម្មភាពរំដោះប្រជាពលរដ្ឋកម្ពុជាចេញរបបពិឃាតនៃបនប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងទប់ទល់កុំឱ្យរបបនេះវិលត្រឡប់មកវិញ។

ក្នុងប្រតិកម្មនេះ លោក ឈាង វុន បានលើកឡើងថា ប្រទេសសិង្ហបុរី ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត បានគាំទ្រដល់ចលនាតស៊ូរបស់ទ័ពខ្មែរក្រហម និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដែលប្រជាពលរដ្ឋកំពុងត្រដររស់ក្រោយរំដោះខ្លួនពីការកាប់សម្លាប់ និងការអត់ឃ្លាន។

លោក ឈាង វុន បានរំលឹកដែរថា សិង្ហបុរី ជាប្រទេសមួយដែលបានធ្វើសកម្មប្រឆាំងនឹងកម្ពុជា មិនចង់ឱ្យកម្ពុជាក្លាយជាសមាជិកអាស៊ាន។ បើតាមលោក ឈាង វុន ប្រទេសសិង្ហបុរី ជាប្រទេសដែលមិនសប្បាយចិត្តនឹងឃើញកម្ពុជារីកចម្រើននោះឡើយ។

សូមបញ្ជាក់សម្តីរបស់នាយករដ្ឋមន្ត្រី លី ស៊ានឡុង រំលឹកពីប្រវត្តិរួមគ្នារវាងថៃ និងសិង្ហបុរី ក្នុងថ្ងៃមរណភាពរបស់លោក ព្រេម ទីនសូឡាណុន អតីតនាយករដ្ឋមន្ត្រី កាលពីចុងខែឧសភា ក្នុងសកម្មភាពប្រឆាំងការបោសសំអាតរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសំណាក់កងទ័ពខ្មែរក្នុងសម័យរដ្ឋកម្ពុជាដោយមានការគាំទ្រពីកងទ័ពវៀតណាម បាននាំឱ្យមានការប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន, ក្រសួងការបរទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ ប្រទេសវៀតណាម និងប្រជាពលរដ្ឋវៀតណាម ក៏បានប្រតិកម្មយ៉ាងខ្លាំងក្លាលើសម្តីរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនេះផងដែរ។

សម្តេចេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងនេះ ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។ សម្តេចតេជោ ក៏បានចាត់ទុកការលើកឡើងនេះថា ជាការបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ៕

 

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាកម្ពុជា

លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី