(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការប្រើប្រាស់ឈ្មោះរបស់សមាសភាពចង្រៃលើដំណាំ នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងសម្ភារផ្សព្វផ្សាយ ដោយកំណត់ឲ្យ សសេរឈ្មោះជាភាសាខ្មែរលើស្លាកសញ្ញាព័ត៌មាន ថ្នាំកសិកម្មគ្រប់ប្រភេទ ដែលចរាចរណ៍លើទីផ្សារកម្ពុជា។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនានេះ។

ដើម្បីប្រើប្រាស់ឈ្មោះទូទៅជាភាសាខ្មែរ របស់សមាសភាពចង្រៃលើដំណាំនៅកម្ពុជា ឱ្យមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៅក្នុងផ្នែកការពារដំណាំនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្ដទុកដាក់អនុវត្ដវិធានការដូចខាងក្រោម៖

១៖ នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវធ្វើការសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយប្រើប្រាស់សទ្ទានុក្រមសមាសភាពចង្រៃ លើដំណាំជាភាសាខ្មែរជាឯកសារយោង ក្នុងការប្រើប្រាស់ឈ្មោះទូទៅជាភាសាខ្មែរ របស់សមាសភាពចង្រៃលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការអនុញ្ញាតឱ្យនាំចូល និងចែកចាយនៅក្នុងប្រទេសកម្ពុជា។

២៖ រាល់ការបោះពុម្ព និងផ្សព្វផ្សាយពាក់ព័ន្ធនឹងសមាសភាពចង្រៃលើដំណាំ អគ្គនាយកដ្ឋានកសិកម្ម នាយក-ដ្ឋាននីតិកម្មកសិកម្ម គ្រឹះស្ថានអប់រំ-សិក្សាបច្ចេកទេសកសិកម្ម អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ កម្មវិធីអភិវឌ្ឍន៍ ដៃគូអភិវឌ្ឍន៍ និងសេវាករខាងផ្នែកផ្សព្វផ្សាយ ដែលធ្វើការគាំទ្រផ្នែកការពារដំណាំនៅក្នុងប្រទេសកម្ពុជា ត្រូវប្រើប្រាស់ឈ្មោះទូទៅជាភាសាខ្មែរ របស់សមាសភាពចង្រៃ ដោយយោងតាមសទ្ទានុក្រមសមាសភាពចង្រៃ លើដំណាំជាភាសាខ្មែរនេះ។

៣៖ បណ្តាក្រុមហ៊ុននាំចូល និងចែកចាយថ្នាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវប្រើប្រាស់ឈ្មោះទូទៅជាភាសាខ្មែរ របស់សមាសភាពចង្រៃ ដោយយោងតាមសទ្ទានុក្រមសមាសភាពចង្រៃលើដំណាំជាភាសាខ្មែរ ដើម្បីរៀបចំនូវរាល់ឯកសារបច្ចេកទេស សម្ភារផ្សព្វផ្សាយ និងរាល់ឯកសារពាក់ព័ន្ធផ្សេងៗ៕

សូមអានសេចក្ដីណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខាងក្រោម៖