(ភ្នំពេញ)៖ ធនាគារ PPCBank បានចុះកិច្ចព្រមព្រៀងជាមួយនឹង IFC ដែលជាសមាជិកមួយរបស់ក្រុមធនាគារពិភពលោក ដើម្បីអនុវត្តកម្មវិធីចែករំលែកហានិភ័យ និងផ្តល់សេវាប្រឹក្សាយោបល់ ដល់ធនាគារ PPCBank ដើម្បីពង្រីកការផ្តល់កម្ចីដល់សហគ្រាសធុនតូចបំផុត (VSE) សហគ្រាសធុនតូច និងមធ្យម (SME) រួមទាំងសហគ្រាស ដឹកនាំដោយស្រ្តី (WSME) នៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងគោលដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កលក្ខណៈអំណោយផលសម្រាប់ការលូតលាស់សេដ្ឋកិច្ច និងបង្កើតការងារ។
កម្មវិធីចែករំលែកហានិភ័យនេះ នឹងផ្តល់លទ្ធភាពឲ្យធនាគារ PPCBank ផ្តល់សេវាកាន់តែប្រសើរថែមទៀត ដល់អតិថិជនដែលមានស្រាប់ និងអតិថិជនថ្មីរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូចបំផុត សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលដឹកនាំដោយស្រ្តី ដើម្បីពង្រីកអាជីវកម្ម ក៏ដូចជាជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ សហគ្រាសធុនតូច និងមធ្យម គឺជាប្រភពដ៏សំខាន់នៃកំណើនការងារ និងនវានុវត្តន៍ក្នុងប្រទេស ហើយដើម្បីឲ្យសហគ្រាសទាំងនេះ ទទួលបានជោគជ័យ សហគ្រាសទាំងនេះ ចាំបាច់ត្រូវមានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងប្រភពមូលនិធិឲ្យបានគ្រប់គ្រាន់។
កន្លងមក សហគ្រាសទាំងនេះ ពុំទាន់បានទទួលហិរញ្ញប្បទាន គ្រប់គ្រាន់នៅឡើយ ដោយហេតុថា ទិន្នន័យអំពីប្រវត្តិកម្ចីមានតិចតួច ជាហេតុប៉ះពាល់ដល់ការសម្រេចចិត្ត ក្នុងការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ។ នេះជាឧបសគ្គសម្រាប់សហគ្រាសទាំងនេះ ក្នុងការពង្រីកអាជីវកម្មបន្ថែមទៀត។ ធនាគារ PPCBank អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីកាត់បន្ថយហានិភ័យលើកម្ចី ដែលផ្តល់ដល់សហគ្រាសធុនតូចបំផុត សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដឹកនាំ ដោយស្រ្តីជាម្ចាស់កម្មសិទ្ធិ និងជួយឲ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើនបន្ថែមទៀត។ បន្ថែមលើកម្មវិធីចែករំលែកហានិភ័យនេះ IFC ក៏ផ្តល់សេវាប្រឹក្សាយោបល់ដល់ធនាគារPPCBank ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន និងបង្កើនទំនុកចិត្ត ក្នុងការផ្តល់កម្ចីដល់សហគ្រាសទាំងនោះ។
លោក Shin Chang Moo អគ្គនាយកធនាគារ PPCBank បានថ្លែងថា សហគ្រាសទាំងនេះ មានសក្តានុពលពិតប្រាកដ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារ PPCBank ប្តេជ្ញាផ្តល់ឲ្យសហគ្រាសទាំងនេះ នូវដំណោះស្រាយហិរញ្ញវត្ថុ និងកម្ចីសមស្របបំផុត ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេ អាចពង្រីកអាជីវកម្មរបស់ខ្លួន បង្កើតការងារ និងមានឱកាសចូលរួមកសាងសេដ្ឋកិច្ចប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា «ការពង្រីកឱកាសបរិយាបន្នហិរញ្ញវត្ថុ និងការផ្តល់សេវាហិរញ្ញវត្ថុដោយចំហដល់ សហគ្រាសធុនតូច ជាការជួយឲ្យប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន និងមិនត្រឹមតែអាចពង្រីកអាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងអាចលើកស្ទួយជីវភាពប្រកបដោយនិរន្តរភាព និងស្ថេរភាពលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងគ្រួសាររបស់ពួកគេទៀតផង។ យើងមានមោទនភាពដែលមានឱកាសក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដល់សហគ្រាសទាំងនេះ និងមានភាពរីករាយ ដែលបានមើលឃើញការរីកចម្រើនរបស់ពួកគេ»។
Vivek Pathak នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ IFC បានថ្លែងបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ក្នុងបណ្តាប្រទេសដែលមានចំណូលទាប ប៉ុន្តែសហគ្រាសទាំងនេះ ជួបការលំបាកក្នុងការទទួលបានកម្ចី ព្រោះតែសហគ្រាសទាំងនេះមានទំហំតូច បទពិសោធន៍តិចតួច និងកត្តារួមផ្សំផ្សេងៗទៀត។ កម្មវិធីចែករំលែកហានិភ័យនេះ នឹងជួយឲ្យធនាគារ PPCBank បំពេញតម្រូវការរបស់សហគ្រាសទាំងនេះ ដែលកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្ហាញឲ្យឃើញថា អតិថិជនប្រភេទនេះក៏មានលទ្ធភាពប្រើប្រាស់ «សេវាធនាគារ» ដូចគ្នានឹងសហគ្រាសផ្សេងៗទៀតដែរ។
សូមបញ្ជាក់ថា ធនាគារ PPCBank ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ និងត្រូវបានទទួលស្គាល់ថា ជាធនាគារពាណិជ្ជ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាងគេមួយនៅកម្ពុជា មិនត្រឹមតែគិតជាទំហំទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងវិសាលភាពនៃបណ្តាញ និងកំណើនចំនួនអតិថិជនផងដែរ។ ក្នុងគោលបំណងធ្វើឲ្យបទពិសោធន៍ ប្រើប្រាស់សេវាធនាគារនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ និងឆ្លើយតបចំពោះតម្រូវការអតិថិជននីមួយៗ កាលពីពេលថ្មីៗនេះ ធនាគារ PPCBank បានប្រកាសផ្សព្វផ្សាយពីផលិតផល និងសេវាកម្មជាច្រើន ដូចជាកម្មវិធីតាមទូរសព្ទចល័ត (Mobile Banking) សេវាធនាគារសាជីវកម្ម ដែលបំពេញមុខងារពេញលេញ (smartBiz) និងប្រព័ន្ធសេវាធនាគារចល័ត សម្រាប់ផ្តល់ប្រឹក្សានៅនឹងកន្លែង និងមជ្ឈមណ្ឌលសេវាអតិថិជនវៃឆ្លាត ដើម្បីជួយគាំទ្រដល់អតិថិជន ២៤ម៉ោង ក្នុងមួយថ្ងៃ។
បច្ចុប្បន្ននេះ ធនាគារ PPCBank ដែលទទួលបានអាជ្ញាបណ្ណពេញលេញមួយនេះ កំពុងអនុវត្តគម្រោងធនាគារឌីជីថល ដោយផ្តោតលើការដាក់ឲ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុតាមទូរសព្ទចល័ត (Mobile Banking) ដែលកាន់តែមានភាពល្អប្រសើរជាងមុនបន្ថែមទៀត។ លើសពីនេះ ទំនាក់ទំនង franchise ជាមួយនឹងក្លឹប Diners Club International នឹងធ្វើឲសេវាកម្មមានភាពងាយស្រួលដល់អតិថិជន។ ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលនាំឲ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋ មានកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យពួកគេមានប្រាក់ចំណូល សម្រាប់ចាយវាយក្នុងចំនួនច្រើនជាងមុន។
ជាមួយនឹងកំណើនជាមធ្យម ៧,៧% ចន្លោះពីឆ្នាំ ១៩៩៥ ដល់ ២០១៨ ប្រទេសកម្ពុជា គឺសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សជាងគេទី ៦ក្នុងពិភពលោក។ គេរំពឹងថា កំណើនសេដ្ឋកិច្ចនេះ នឹងបន្តមាននិរន្តរភាព ដោយធនាគារពិភពលោកព្យាករថា កំណើននឹងមានកម្រិត ៧% សម្រាប់ឆ្នាំ ២០១៩៕