(កណ្ដាល)៖ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយទទួលបានបទបញ្ជាពីនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការនគរបាលស្រុកស្អាង។
ពិធីនេះដែរ ក៏មានវត្ដមានចូលរួមពីលោកស្នងការរង, លោកអធិការនគរបាលក្រុង/ស្រុកទាំង១០, មន្រ្ដីរាជការជុំវិញស្រុក, លោកអធិការរងស្រុកស្អាង, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្ដីនគរបាលជាច្រើនរូបទៀត។
បន្ទាប់ពីស្ដាប់លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្រ្ដីនគរបាលជាតិរួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានប្រគល់ត្រា ជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែក ដែលត្រូវតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ខណៈលោកវរសេនីយ៍ឯក សេង សុជាតិ ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕
«លោក សេង សុជាតិ អតីតអធិការនគរបាលស្រុកស្អាង»