(ត្បូងឃ្មុំ)៖ នំបញ្ចុក គឺជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាបានស្គាល់ និងនិយមទទួលទានជាទូទៅ ជាមួយនឹងអាហារដ៏ពេញនិយមនេះ ប្រជាពលរដ្ឋមួយចំនួននៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានចាប់យករបរធ្វើនំបញ្ចុក ខណៈគ្រួសារខ្លះបានធ្វើតាំងពីឆ្នាំ១៩៨០ជាងមកក៏មាន។ ការធ្វើនំបញ្ចុក គឺជាមុខរបរមួយអាចរកប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានគ្រាន់បើ ពោលមួយខែអាចសល់បានប្រមាណ ៥០០ដុល្លារអាមេរិកឯណោះ។
បើតាមការរៀបរាប់របស់លោក តាន់ សារឿន នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រួសាររបស់គាត់បានចាប់យករបរធ្វើនំបញ្ចុកនេះជិត ៤០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៨០ ជាងមកម្ល៉េះ ដោយក្នុងមួយថ្ងៃធ្វើយ៉ាងតិច ៣០០គីឡូក្រាម ហើយបើថ្ងៃណាមានម៉ូយកម្មង់ច្រើនរហូតដល់មួយតោនក៏មាន។
អ្នកធ្វើនំបញ្ចុកជិត ៤ទស្សវត្សរ៍រូបនេះ បន្តថា ការធ្វើនំបញ្ចុកត្រូវប្រើអង្ករមកកិនធ្វើម្សៅ បន្ទាប់មកយកម្សៅមកវាយចូលគ្នាឲ្យសព្វរួចដាក់ចូលក្នុងប៉ែនសង្កត់ក្នុង ទឹកក្តៅចំអិនរហូតដល់ឆ្អិន ទើបយកមកចាប់ជាចង្វាយ។
លោកបន្តថា លោកត្រូវងើបតាំងពីម៉ោង ៣ ឬ៤ជិតភ្លឺ ដើម្បីរៀបចំម្សៅ និងដាំទឹក ធ្វើរហូតដល់ម៉ោង៨ ឬ៩ព្រឹកតាមតិច ឬច្រើន។ នៅពេលធ្វើហើយមានម៉ូយមកយក ឬផ្ញើឲ្យគេ ខណៈម៉ូយខ្លះនៅឆ្ងាយដូចជាកំពង់ចាម និងតាមបណ្តាស្រុកផ្សេងៗក៏មាន។
លោក ជា ណារ៉ុន អភិបាលក្រុងសួងបានលើកឡើងថា មានប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារ ដែលកំពុងប្រកបរបរធ្វើនំបញ្ចុក ក្នុងក្រុងសួងជាលក្ខណៈគ្រួសារ មិនមែនជាសិប្បកម្មធំៗនោះទេ ហើយពួកគាត់ធ្វើសម្រាប់ចែកចាយក្នុងតំបន់ និងតាមបណ្តាស្រុកមួយចំនួនទទួលយកទៅលក់បន្ត ជារួមពួកគាត់លក់មិនដែលសល់នោះទេ។ បើតាមអភិបាលក្រុងសួង មុខរបរមួយនេះមើលទៅកាក់កបខ្លាំងគ្រាន់បើ ពីព្រោះជីវភាពពួកគាត់ល្អ មានផ្ទះធំៗ និងខ្លះមានរថយន្តទំនើបជិះថែមទៀតផង។
ជាមួយនឹងការប្រកបរបរនេះ អាជ្ញាធរក្រុងតែងជួយសម្របសម្រួលដល់ពួកគាត់ ពិសេសត្រូវគោរពទៅតាមច្បាប់ ក្នុងនោះអាជ្ញាធរតែងចុះពិនិត្យ និងស្តាលូបង្ហូរទឹកដើម្បីកុំប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា បង្កើតព្រឹត្តិការណ៍ហូបនេះបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរៀបចំកម្មវិធីនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ មិនត្រូវប្រកាន់បក្ខពួកនោះទេ៕