(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Ivo Sieber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំនៅកម្ពុជា ក្នុងខណៈពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតត្រូវ បញ្ចប់អាណត្តិបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជា។ ជំនួបនោះធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធិផលការងារទាំងឡាយ ដែលកើតពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោក Ivo Sieber ក្នុងអាណត្តិការងារការទូតរបស់លោកនៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស្វីស កាន់តែរឹងមាំ និងស៊ីជម្រៅ ពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការអភិវឌ្ឍនានានៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយកមន្រ្តី ក៏បានសម្តែងនូវអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបន្តគាំទ្រ និងជួយដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលតាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ រដ្ឋាភិបាលស្វីស បានសន្យាបន្តចូលរួមចំណែកគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យសម្រាប់រយៈពេល០៤ឆ្នាំទៅមុខទៀត។
ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំយ៉ាង មុតមាំក្នុងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីកៀរគរធនធានសំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានេះ ។
លោក Ivo Sieber បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ ដែលបានជំរុញឲ្យបេសកកម្មការទូតជាង៤ឆ្នាំកន្លងទៅ របស់លោកនៅកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់។
ឯកអគ្គរាជទូត បានឃើញពីការរីកចម្រើនឥតឈប់ឈរ របស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ដែលកើតចេញពីការខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់វិស័យ និងដឹកនាំប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងបទពិសោធន៍ការងារយ៉ាងច្រើនក្រាស់ក្រែលនៅកម្ពុជា លោកផ្ទាល់នៅតែមានអារម្មណ៍ស្និតស្នាលជាមួយកម្ពុជាជានិច្ច ។
ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរបានឯកភាព ជំរុញលើកកម្ពស់ការវិនិយោគ ធ្វើឲ្យកាន់តែទូលំទូលាយនូវ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈ ការលើកទឹកចិត្តអ្នកវិនិយោគិនស្វីស ឲ្យមកឲ្យមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយភាពជឿជាក់ ដោយកម្ពុជា បាននិងកំពុងរៀបចំបរិយាកាសធុរកិច្ចអំណោយផលដល់អ្នកវិនិយោគិនបរទេសគ្រប់រូប និងខិតខំរៀបចំកែទម្រង់លើគ្រប់វិស័យ ដើម្បីកសាងបាននូវភាពប្រកួតប្រជែងកាន់តែប្រសើរជាមុន ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរលោក Ivo Sieber ឲ្យទទួលបានជោគជ័យក្នុងតួនាទីថ្មីរបស់លោក និងបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរក្សារឹតចំណងទំនាក់ទំនងល្អជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធស្វីស លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ស្វីស៕