(បាត់ដំបង)៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចពពេល ស្ថិតក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារស្រុកមោងឬស្សី ខេត្តបាត់ដំបង សមត្ថកិច្ចដាក់ការសង្ស័យថា ករណីនេះជាអំពើឃាតកម្ម ព្រមទាំងប្រកាសស្វែងរកសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះរួចមក លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបានបញ្ជាកម្លាំង សរុបធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ បន្ទាប់ពីប្រជាពលរដ្ឋឈ្មោះ ធុច វុធ អាយុ៥៦ឆ្នាំ រស់នៅភូមិរកាឈ្មោល ដេញគោចេញពីផ្ទះមកវាលស្រែ ខាងត្បួងផ្ទះ ចំងាយប្រមាណ១០០ម៉ែត្រ ក៏បានប្រទះឃើញសាកសពម្នាក់ ខាងលើមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល៣៥ឆ្នាំ មានស្លៀកខោលីអូពណ៌ស្លាបជ្រឹង ពាក់អាវយឺតដៃខ្លីពណ៌ស មានលាយពណ៌ក្រហម និងមានអក្សរ (Fly Emirates) សក់រួញបន្តិចមានពាក់ខ្សែអង្កាំ ពណ៌ខ្មៅកដៃស្ដាំ មានពាក់ខ្សែចង្កេះ១ ដុះពុកមាត់ខាងលើចិញ្ចើមក្រាស់។
បើតាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបន្តថា សាកសពមានស្នាមរបួសចំនួន២កន្លែងទី១៖ គាល់ធ្គៀមឆ្វេង១កន្លែង និងទី២៖ គុមត្រជៀកឆ្វេង១កន្លែង បានអណ្ដែតទឹកស្រះរបស់ឈ្មោះ ឈន ស៊ីណន ភេទប្រុស អាយុ៦២ឆ្នាំ នៅចំណុចពពេលស្ថិតក្នុងក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារស្រុកមោងឬស្សី។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ឆ័យហើយ និងបន្តស្រាវជ្រាវ រកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕