Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារីតាំងលក់លើទីផ្សារកម្ពុជាជាង៧០ភាគរយ មានសារព្រមានត្រឹមត្រូវ ហើយជាង៤០ភាគរយមានបិទតែមប្រិ៍ពន្ធត្រឹមត្រូវ

07-06-2019 16:21

(ភ្នំពេញ)៖ លោក កែវ សុវណ្ណតារា អ្នកស្រាវជ្រាវផលិតផលថ្នាំជក់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះបារីដែលបានដាក់តាំងលក់ លើទីផ្សារកម្ពុជា មានត្រឹមតែ៧១.១ភាគរយប៉ុណ្ណោះ ដែលបានបោះពុម្ភសារព្រមានត្រឹមត្រូវ តាមច្បាប់កំណត់។ ចំណែកឯជាង២៩.២ភាគរយទៀត គឺមិនបានគោរព ទៅតាមច្បាប់កំណត់នោះឡើយ។

ការលើកឡើងបែបនេះ របស់លោក កែវ សុវណ្ណតារា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី ស្ដីពី ការអនុវត្តច្បាប់ត្រួតពិនិត្រផលិតផលថ្នាំជក់ ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអ្នកជំនាញ, អ្នកស្រាវជ្រាវ, ប្រធានដេប៉ាតតឺម៉ងចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងសិស្សនុសិស្សជាច្រើនទៀតផង។

លោក កែវ សុវណ្ណតារា បញ្ជាក់ថា «យោងតាមច្បាស់កម្ពុជាកំណត់ថា គ្រប់ក្រុមហ៊ុនបារីទាំងអស់ ត្រូវតែបិទសារព្រមានជាអក្សរ ឬជារូបភាពលើកញ្ចប់បារីឲ្យបាន៥០%នៃកញ្ចប់ ប៉ុន្ដែគ្រប់បារីដែលដាក់តាំងលក់លើទីផ្សារមានតែ៧១.១%ប៉ុណ្ណោះ ដែលបានបោះពុម្ភសារព្រមានបានត្រឹមត្រូវតាមច្បាប់»

លោកបន្ដថា ក្នុងនោះមានក្រុមហ៊ុន២៩.២% ដែលបានដាក់តាំងលក់ដោយមិនមានបោះពុម្ព សារព្រមានសុខភាពជារូបភាព និងអក្សរលើកញ្ចប់បានត្រឹមត្រូវឡើយ។ បន្ថែមពីនេះក៏មានបារីត្រឹមតែ៤១.៧%ប៉ុណ្ណោះ ដែលបានដាក់តាំងលក់មានបិទតែមប្រិ៍ពន្ធ របស់រាជរដ្ឋាភិបាលត្រឹមត្រូវលើកញ្ចប់។

លោកបន្ដថា បន្ថែមពីនេះក្រុមស្រាវជ្រាវបានតាមដានស្រាវជ្រាវ ពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារី ឃើញថា ក៏នៅពុំទាន់បានអនុវត្តបានត្រឹមត្រូវនៅឡើយទេ នៅតាមកន្លែងមួយចំនួនដូចជា៖ ហាងកាហ្វេ, ហាងបាយ, ផ្សារ និងសណ្ឋាគារជាដើម។

លោកបន្ថែមថា តាមរយៈការចុះសិក្សារកឃើញថា ក្រុមហ៊ុនបារីមួយចំនួននៅតែបន្ដការផ្សព្វផ្សាយ ពាណិជ្ជកម្មបារីរបស់ខ្លួន តាមរយៈការព្រីនជាផ្ទាំងរូបភាពជាដើម។

សូមជម្រាបថា ថ្មីៗនេះក្រសួអសុខាភិបាល ក៏បានព្រមាន ចាត់វិធានការផាកពិន័យជាប្រាក់ ដល់ផលិតករ អាជីវករ និងអ្នកជក់បារី ដែលមិនគោរពច្បាប់។ យន្ដការផាកពិន័យនេះ ជាយន្ដការដ៏សំខាន់ នៅក្នុងការអនុវត្ដច្បាប់ ដើម្បីឱ្យពួកគាត់បញ្ឈប់ការជក់បារីតាមទីសាធារណៈ៕