(ត្បូងឃ្មុំ)៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំបច្ចេកទេសដ៏សំខាន់មួយ ដើម្បីពិភាក្សាលើការរៀបចំកញ្ចប់ទស្សនកិច្ចពិសេស សម្រាប់ភ្ញៀវទេសចរ សិស្ស និស្សិតមានឱកាសទស្សនា សិក្សា និងស្វែងយល់ពីវប្បធម៌ និងធម្មជាតិ នៅតាមគោលដៅទេសចរណ៍ ក្នុងខេត្តជាប់គ្នាទាំង៣។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ និងលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តទាំង៣ បានបញ្ជាក់ថា ការរៀបចំកញ្ចប់ទស្សកិច្ចទេសចរណ៍នេះ នឹងផ្តល់ឱកាសឱ្យយុវជន ជាពិសេសសិស្សានុសិស្សតាមវិទ្យាល័យ និងមហាវិទ្យាល័យ មានឱកាសរៀនសូត្រស្វែងយល់ពីទឹកដីកំណេីតរបស់ខ្លួន សំដៅបណ្តុះគំនិតស្នេហាជាតិមាតុភូមិ មានឆន្ទៈមោះមុតក្នុងការកសាងជាតិមាតុភូមិ តាមរយៈការយល់ដឹងពីការអភិវឌ្ឍវិស័យទេសចរណ៍។

សូមបញ្ជាក់ថា ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍នេះ គឺជាផ្តួចផ្តើមដំបូងក្នុងវិស័យទេសចរណ៍ ដោយរៀបចំកម្មវិធីទស្សនកិច្ចថ្មី រយៈពេល៣ថ្ងៃ២យប់ ដោយទស្សនានៅខេត្តកំពង់ចាម រយៈពេល១ថ្ងៃ ត្បូងឃ្មុំ រយៈពេល១ថ្ងៃ និងក្រចេះ រយៈពេល១ថ្ងៃដែរ ដោយមានទាំងការទស្សនា និងការសិក្សាលើផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងជីវភាពប្រជាជនក្នុងខេត្តទាំង៣៕