(ភ្នំពេញ)៖ Sathapana Mobile របស់ធនាគារស្ថាបនា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រូវបាន Global Banking & Finance Awards ទទួលស្គាល់ជាកម្មវិធីធនាគារចល័តល្អបំផុតនៅ កម្ពុជាប្រចាំឆ្នាំ២០១៩ ហើយនេះ គឺជាកិត្តិយសរបស់ធនាគារ ស្ថាបនា ដែលទទួលបានពានរង្វាន់ពី Global Banking & Finance Review ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានថ្លែងថា «យើងមានកិត្តិយសយ៉ាងធំធេង តាមរយៈការទទួលបាននូវការទទួលស្គាល់នេះ និងជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងការសម្រេចបាននូវប្រព័ន្ធធនាគារចល័តមួយ ប្រកបដោយសុវត្ថិភាព រហ័ស ងាយស្រួល ជាមួយនឹងមុខងារកាន់តែប្រសើរ។ ការទទួលបានពានរង្វាន់នេះ គឺជាការបញ្ជាក់ឲ្យឃើញថា យើងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ នាយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន»។
លោក លឹម អូន បានបន្តទៀតថា ក្នុងឆ្នាំ២០១៨ ស្ថាបនា បានផ្តោតជាសំខាន់លើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនសមត្ថភាពផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងពង្រីកវិសាលភាពអាជីវកម្មទាំងមូល ឲ្យកាន់តែប្រសើរជាងមុន។ ប្រព័ន្ធធនាគារចល័តថ្មីនេះ ជាផ្នែកមួយនៃតម្រូវការជីវិត នាពេលបច្ចុប្បន្ន បានផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីមួយ និងមានតែមួយគត់។
សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មក Sathapana Mobile ត្រូវប្រើប្រាស់ជាកន្លែងធ្វើប្រតិបត្តិការធនាគារតាម ប្រព័ន្ធឌីជីថលទំនើបចុងក្រោយ ដែលអាចអនុញ្ញាតឲ្យអតិថិជនចូលធ្វើប្រតិបត្តិការធនាគារគ្រប់ពេលវេលា និងទីកន្លែងតាមរយៈទូរស័ព្ទដៃ និងសេវាធនាគារតាមអ៊ីនធឺណេត ក្នុងគោលបំណងផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile ពី App Store ឬ Google Play ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា ពិនិត្យមើលសមតុល្យគណនី និងប្រតិបតិ្តការណ៍ មើលតារាងកាលវិភាគបង់ប្រាក់ បើកឬបិទគណនីមានកាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ផ្ទេរប្រាក់ទៅគណនីWING និង Pi Pay សេវាទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ សេវាប័ណ្ណឥណទានមានដូចជា ដំណើរការប័ណ្ណ បង្ខាំង ឬដំណើរការប័ណ្ណឡើងវិញ ពិនិត្យមើលរបាយការណ៍សង្ខេប និងការទូទាត់ប័ណ្ណឥណទាន ព្រមទាំងមុខងារពិសេសៗជាច្រើនទៀត ដែលអាចធ្វើប្រតិបតិ្តការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងពិភពលោក។
ក្រៅពីការទទួលបានពានរង្វាន់ក្នុងឆ្នាំនេះ ធនាគារ ស្ថាបនា បានបង្ហាញអំពីកំណើនដ៏រឹងមាំក្នុងឆ្នាំ២០១៨ និងបានឈានដល់ដំណាក់កាលរីកចម្រើនថ្មីមួយទៀត លើសពីគោលដៅដែលបានកំណត់ ជាពិសេសកំណើនប្រាក់កម្ចី និងប្រាក់ចំណេញ។ កាលពីឆ្នាំមុន ធនាគារ ស្ថាបនា បានបង្ហាញពីកំណើន២៤% នៃប្រាក់ចំណេញសុទ្ធ ពោលគឺកើនពី ១៨.៦លានដុល្លារអាមេរិកដល់ ២៣.១ លានដុល្លារអាមេរិក។ ខណៈដែលទ្រព្យសម្បត្តិសរុបរបស់ធនាគារបានកើនដល់ ១.៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ធៀបនឹងកំណើនចំនួន ១.០២ ពាន់លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
សូមជម្រាបថា ធនាគារស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសម្បត្តិសកម្មសរុបជាង ១.៣ ពាន់លានដុល្លារអាមេរិក។ ធនាគារមានបណ្តាញសាខាធំជាងគេលំដាប់ទីពីរ នៅក្នុងប្រទេស ដែលមានជាង ១៧០សាខា និងបុគ្គលិកជាង ៤,០០០នាក់និងម៉ាស៊ីនអេធីអឹមចំនួន ១៥១នៅទូទាំងប្រទេស ដែលរួមមានទាំងម៉ាស៊ីនអេធីអឹមដាក់ប្រាក់(Cash Recycling)។
ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា iBanking សេវា Mobile Banking សេវាប័ណ្ណឥណទាន និងឥណពន្ធវីសា សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាធានា សេវាទូទាត់ការនាំចេញ និងនាំចូល និងមានសេវាកម្មដទៃទៀតជាច្រើន។ ធនាគារ ក៏បានចាប់ដៃគូជាមួយ Wing និង Pi Pay ដើម្បីផ្តល់ ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់ខ្លួន៕