(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នៅថ្ងៃទី០៧ ខែមិថុនានេះ បានជួបប្រជុំជាមួយលោក Mark Van Steenwyk ជំនាញការផ្នែកហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
គោលបំណងនៃជំនួបពិភាក្សានេះ គឺភាគីខាងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ចង់ដឹង និងស្នើសុំការចែករំលែក អំពីបទពិសោធន៍ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបំពេញបានជោគជ័យកន្លងមក។ ទន្ទឹមនេះភាគីខាង ADB ក៏បានពិភាក្សាអំពីឱកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ ចូលរួមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៃសង្វាក់តម្លៃកសិកម្ម (Agricultural Value Chain Infrastructure Improvement Project-AVIP) ដែលកំពុងរៀបចំដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ហើយភាគីខាង ADB សង្ឃឹមថាយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាប់អារម្មណ៍ ចូលរួមសហការលើគម្រោងនេះ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។
លោក កៅ ថាច បានធ្វើការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលភាគី ADB បានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងនានានៅកម្ពុជា និងជាពិសេសជាមួយ ធនាគារ អភិវឌ្ឍន៍ជនបទ។
លោកក៏បាន គូសរំលេច និងចែករំលែកបទពិសោធន៍ នៃការបំពេញការងាររបស់ ធនាគារអភិវឌ្ឍន៍ជនបទ ជូនដល់ ភាគី តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អំពីការអនុវត្តគម្រោងរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ក្នុងវិស័យស្រូវ-អង្ករ អនុវិស័យកសិកម្មផ្សេងៗដូចជា ការចិញ្ចឹមសត្វ និងការលើកកំពស់ការដំណាំបន្លែសុវត្ថិភាព គ្មានជាតិគីមីជាដើមជាមួយប្រជាកសិករ សហគមន៍កសិកម្ម ព្រមទាំងការអនុវត្តជាធនាគារឌីជីថល ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា។
លោកបានលើកឡើងថា តាមរយៈការអនុវត្តគម្រោងទាំងនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់សេវាហិរញ្ញវត្ថុ គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មទាំងមូល ពីការផលិតដល់ការនាំចេញ ជាមួយនឹងយន្តការគម្រោងផ្សេងៗជាច្រើន ដើម្បីបំពេញកង្វះខាត ខាងតម្រូវការនិងការផ្គត់ផ្គង់ហិរញ្ញវត្ថុ។
ទន្ទឹមនេះ លោកអគ្គនាយកបានស្នើឱ្យ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បញ្ចូលការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅកម្ពុជា ក្នុងសមាសភាគគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម -AVIP ផងដែរ៕