(កាលីហ្វរញ៉ា)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់អាមេរិក Google បានព្រមានថា ប្រសិនបើរដ្ឋបាលលោក ដូណាល់ ត្រាំ ពិតជានឹងអនុវត្តន៍ការដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុនចិន Huawei មែននោះ សហរដ្ឋអាមេរិកនឹងត្រូវប្រឈមហានិភ័យផ្នែកសន្តិសុខជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times ដកស្រង់នារសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។
បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានប្រកាសដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei កាលពីខែឧសភា ក្រុមហ៊ុន Google ក៏បានសម្រេចដាក់កំហិតលើ Huawei ជុំវិញការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ អ្នកជំនាញផ្នែកបច្ចេកវិទ្យា បានមើលឃើញថា ទោះបីជាការដាក់បម្រាមរបស់អាមេរិក ប្រហែលអាចធ្វើឲ្យ Huawei ជួបបញ្ហាខ្លះក្នុងរយៈពេលខ្លីក៏ដោយ ទៅថ្ងៃខាងមុខវានឹងជំរុញឲ្យក្រុមហ៊ុន Huawei ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃៗទៀត ក្លាយជាក្រុមហ៊ុនដ៏រឹងមាំ ដែល អាចបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងសុទ្ធសាធ មិនបាច់ពឹងប្រទេសដទៃ។ ប្រការនេះនឹងធ្វើឲ្យក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google ជាដើម ធ្លាក់ចុះខ្សោយឥទ្ធិពលនៅលើឆាកអន្តរជាតិ បើយើងមើលឲ្យវែងឆ្ងាយទៅ។
បើតាមសេចក្តីរាយការណ៍ខាងលើ ក្រុមហ៊ុន Google មានក្តីព្រួយបារម្ភជាចម្បងថា ក្រុមហ៊ុននឹងលែងត្រូវបានអនុញ្ញាតឲ្យផ្តល់ ការអាប់ដេតដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei តទៀត វានឹងបង្ខំឲ្យ Huawei បង្កើតប្រព័ន្ធប្រតិបត្តិការ Android ដែលជា Version របស់ Huawei ផ្ទាល់។ Google បានអះអាងថា Android ដែលត្រូវបានកែប្រែហើយ រួចយកទៅដំណើរការលើស្មាតហ្វូនរបស់ Huawei នឹងងាយប្រឈមការចូលលុកលុយតាមផ្នែកព័ត៌មានវិទ្យា (Hack)។
យោងតាមសារព័ត៌មាម Finacial Times ក្រុមហ៊ុន Google កំពុងតែព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនយក្សនេះ នៅតែទទួលបានការលើកលែងក្រោមបម្រាម ពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក ដើម្បីអាចបន្តទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុន Huawei។
ទាក់ទងនឹងរឿងប្រព័ន្ធប្រតិបត្តិការ OS នេះក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថា បានសំងំត្រៀមរៀបចំខ្លួន បង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ សម្រាប់ប្រើលើកុំព្យូទ័រ ស្មាតហ្វូន និងថេប្លេតជាដើម ដែលអាចនឹងលេចចេញនៅ ខែកញ្ញា ឆ្នាំ២០១៩ ដោយមិនពឹងអាស្រ័យទៅលើកម្មវិធី Microsoft និង Android ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់អាមេរិកទៀតនោះឡើយ៕