(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានចេញមកព្រមានធ្ងន់ៗ ចំពោះអ្នកដែលកំពុងកាន់កាប់ដីដោយខុសច្បាប់ ត្រូវបញ្ឈប់សកម្មរបស់ខ្លួនជាបន្ទាន់ និងត្រូវប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់។
នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បន្ទាប់ពីក្រសួងបានរកឃើញថា តំបន់ការពារធម្មជាតិមួយចំនួនប្រឈមមុខនឹងការគំរាមកំហែង នៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់តឹងរឹង និងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណា ក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។
លោករដ្ឋលេខាធិការបានថ្លែងថាឱ្យ ដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ថា ក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកលជារូបភាពផ្សេងៗគ្នា ដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីអះអាងថា ខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។
លោកបន្តថា ក្រុមជនខិលខូចបានប្រើប្រាស់ និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួន ឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួន ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេង ដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយ និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀតបានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។ បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថាន នេះគឺជាទង្វើខុសច្បាប់។
ទាក់ទងនឹងការគ្រៀវដើមឈើ នៅក្នុងតំបន់ការពារធម្មជាតិនេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រុមជនល្មើសដែលប៉ុងប៉ងទន្ទ្រានកាន់កាប់ដីព្រៃអភិរក្ស បានជួលប្រជាពលរដ្ឋកាត់រំលំដើមឈើតូចៗ និងធ្វើខ្ទមតូចៗ។ ខ្លះទៀតបានគ្រៀវដើមឈើដោយស្ទោះសំបកឈើ និងកោសយករំអិលចេញ ដើម្បីកាត់ផ្តាច់ការនាំសារធាតុពីគល់ឈើទៅដើមឈើទាំងមូល និងជាមួយគ្នានេះបានលួចដាំដំណាំផ្សេងៗ យូរឬឆាប់ដើមឈើនោះនឹងងាប់ ពួកគេកាប់ផ្តួលរំលំតែម្តង។
ករណីនេះមាននៅកើតឡើងនៅតំបន់មួយចំនួន ដូចជានៅក្នុងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រុមជនល្មើសបានគ្រៀវ ដើមអាកាស្យា បោះបង្គោលព្រំដី ព្រមទាំងបានដំណាំផ្សេងៗ ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។
ចំពោះមុខនៃការប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សរបស់ក្រសួបរិស្ថាន ដែលកំពុងតែឈរជើងការពារ និងអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិនានា រួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង បានចុះល្បាត និងបានដកបង្គោលព្រំខុសច្បាប់ និងដកដំណាំយុទ្ធសាស្ត្រទាំងនោះចេញ និងបានបិទស្លាកកំណត់សម្គាល់តំបន់ការពារធម្មជាតិ និងសេចក្តីណែនាំ ក៏ដូចជាសេចក្តីជូនដំណឹងនានា ដែលទាក់ទងនឹងច្បាប់ការពារធនធានធម្មជាតិ។ ជនល្មើសមួយចំនួន ត្រូវបានឃាត់ខ្លួន និងធ្វើការអប់រំណែនាំពីវិធានការច្បាប់ និងខ្លះត្រូវបានកសាងសំណុំរឿងទៅតុលាការ ក្នុងករណីប្រព្រឹត្តបទល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា នៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង១២២០នាក់ ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារធម្មជាតិ នៅលើផ្ទៃដីអភិរក្សសរុបប្រមាណ ៧.៥ លានហិកតា នឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការ និងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី។
លោកបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបដិសេធ នូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី ដោយខុសច្បាប់គ្រប់ប្រភេទ ដូចជាការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិ ដែនជម្រកសត្វ ឬតំបន់ការពារនានា ហើយអ្នកដែលកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មទាំងអស់ រួមមានការឈូសឆាយ និងការសាងសង់ សំណង់នានាជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់៕