(រតនគិរី)៖ សាខាកាំកុងត្រូលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារបានលុង និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ផ្តោតសំខាន់លើនំបញ្ចុក និងបន្លែ តែរកមិនឃើញមានសារធាតុគីមីឡើយ។
មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យផ្សារបានលុងខាងលើ ក្រុមការងារបានធ្វើការពន្យល់ណែនាំ ជាពិសេស បានធ្វើតេស្តបឋម ទៅលើទៅលើសរសៃ នំបញ្ចុក, គ្រឿងបុករួច សម្រាប់នំបញ្ចុក, សណ្តែកកួ, សណ្តែកបណ្តុះ, ផ្កាស្នោ។ ជាលទ្ធផល ពុំមានឃើញសារធាតុគីមីនៅក្នុងនំបញ្ចុក និងបន្លែឡើយ តែក្រុមការងារបានដកហូតបានទំនិញ ដែលមានកាលបរិច្ឆេទហួសកំណត់បាន ជាង៨គីឡូក្រាម ទុកដុតកម្ទេចចោលផងដែរ។
ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពជូនដល់អាជីវករ កុំឲ្យប្រើសារធាតុគីមីហាមឃាត់ លើនំបញ្ចុក និងគ្រឿងផ្សំទាំងអស់នោះ៕