(ភ្នំពេញ)៖ ក្រុមទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសបារាំង បានរៀបចំវេទិកាអាស៊ាន របស់ខ្លួនជាលើកដំបូង នៅរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាង១៨០នាក់។
ធុរជន និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកំពុងវិនិយោគនៅក្នុងប្រទេសមួយ ឬច្រើននៅអាស៊ាន ដែលមានចំណាប់អារម្មណ៍ចំពោះតំបន់អាស៊ាន បានផ្លាស់ប្តូរមតិយោបល់គ្នាអំពីកាលានុវត្តភាពនានា សម្រាប់ក្រុមហ៊ុនបារាំង ព្រមទាំងពីយុទ្ធសាស្រ្ត និងទស្សនវិស័យបច្ចុប្បន្ន និងអនាគត។
ស្របពេលជាមួយគ្នានេះផងដែរ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅតាមប្រទេសសមាជិកអាស៊ាន ក៏បានមកជួបប្រជុំគ្នាជាលើកដំបូងនៅភ្នំពេញ ក្នុងក្របខ័ណ្ឌ នៃសិក្ខាសាលាប្រចាំឆ្នាំរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់តំបន់ និងគិតគូរពីយុទ្ធសាស្រ្តរបស់ប្រទេសបារាំង នៅអាស៊ាន។
តំណាងក្រសួងអឺរ៉ុប និងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង ក៏បានអញ្ជើញមកពីទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរ ខាងលើជាអាទិ៍ លោក ធ្យែរី ម៉ាធូ (Thierry Mathou) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស ដែលបានអញ្ជើញមកកម្ពុជា ជាលើកទី២ (បន្ទាប់ពីទស្សនកិច្ចលើកទីមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧)។
លោកបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ។
សហគ្រិន និងឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅតាមប្រទេសក្នុងតំបន់អាស៊ាន បានជួបជុំគ្នានារាត្រីថ្ងៃព្រហស្បតិ៍ ទី៦ខែមិថុនា នៅស្ថានទូតបារាំង ដើម្បីចូលរួមក្នុងពិធីជប់លៀងមួយ ដោយមានការអញ្ជើញចូលរួមជាកិតិ្តយសពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ព្រឹតិ្តការណ៍ខាងលើឆ្លុះបញ្ចាំងពីសារសំខាន់ នៃភាពជាដៃគូនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា ហើយនឹងរួមចំណែកពង្រឹងភាពជាដៃគូបន្ថែមទៀតនាពេលខាងមុខ៕