(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ដ្រីគ្រប់សាខានៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងបើកយុទ្ធនាការចុះត្រួតពិនិត្យនំបញ្ចុក ដែលដាក់លក់នៅតាមទីផ្សារ ព្រមទាំងបន្លែជាល្បោយ ដើម្បីរកមើលសារធាតុគីមី មុនទិវាហូបនំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនាខាងមុខ តាមការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាល។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីកាំកុងត្រូលនៅគ្រប់សាខាទូទាំងប្រទេស បានចុះពិនិត្យសារធាតុគីមីនៅលើនំបញ្ចុក និងបន្លែ រកសារធាតុលាយផ្សំផ្សេងៗ មុនទិវាហូបនំបញ្ចុកនៅទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ ក្រៅពីការចុះត្រួតពិនិត្យនំបញ្ចុក និងបន្លែល្បោយនោះ មន្រ្តីកាំកុងត្រូលក៏បានធ្វើការត្រួតពិនិត្យទំនិញផ្សេងៗទៀតផងដែរ ដើម្បីរកសារធាតុគីមី និងខូចគុណភាព តែភាគច្រើនមិនបានរកឃើញនោះទេ។
សូមបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នា «បរិភោគនំបញ្ចុក» ទាំងអស់គ្នា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ផងដែរ ចំពោះក្រុមអតីតបក្សប្រឆាំង ដែលយករឿងនំបញ្ចុក មកធ្វើជារឿងនយោបាយទៅវិញ រហូតដល់បង្កើតជាកម្មវិធីហូបនំបញ្ចុក ហើយអ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ទៅនោះ។
យ៉ាងណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕
ខាងក្រោមនេះជាសកម្មភាពរបស់មន្រ្តីតាមសាខាចុះត្រួតពិនិត្យនំបញ្ចុក និងទំនិញនៅតាមផ្សារនានា៖
* មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះពិនិត្យសិប្បកម្មផលិតនំបញ្ចុក នៅក្នុងក្រុងដូនកែវ