(ស្វាយរៀង)៖ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យមើលទំនិញ និងបន្លែល្បោយនំបញ្ចុក នៅផ្សារវាលយន្ត ក្រុងស្វាយរៀ ដើម្បីរកមើលសារធាតុគីមី និងអនាម័យក្នុងការផលិត ក្នុងគោលបំណងដើម្បី ធានាឱ្យបានចំពោះសុវត្ថិភាព អ្នកបរិភោគ និងរកឃើញងៀតបបែលចំនួន១៥គីឡូក្រាម មានសារធាតុគីមី។

ការចុះប្រត្តិការនេះ ដើម្បីឆ្លើយតបទៅសភាពការណ៍ជាក់ស្តែង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពានាវ ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមហូប នំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ធ្វើឱ្យពលរដ្ឋខេត្តស្វាយរៀង មានអ្នកបរិភោគនំបញ្ចុក មានការកើនឡើងខ្លាំង នៅតាមហាងលក់នំបញ្ចុក នៅទូទាំងខេត្តចៀសវាងទទួលទានផលិតផល ផ្ទុកសារធាតុគីមី។

លោក ផឹង និល បានថ្លែងថា មន្ត្រីជំនាញកាំកុងត្រូលខេត្តស្វាយរៀង បានធ្វើការពិនិត្យ និងធ្វើតេស្តបឋមទៅលើ បន្លែជាល្បោយនំបញ្ចុក និងត្រីងៀតបបែល។ ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំនួន១៥គីឡូក្រាម។ ចំណែកឯបន្លែជាប្រភេទល្បោយ ប្រហុក ផ្អក ត្រីងៀត គឺមិនមានសារធាតុគីមីនោះទេ។

លោកបានបន្តថា ចំពោះការរកឃើញត្រីងៀតបបែលមានសារធាតុគីមី មន្ត្រីជំនាញធ្វើការដកហូតយកមករក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការដុតបំផ្លាញចោល។ ទន្ទឹមនឹងនោះលោកប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរ ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការបរិភោគត្រីងៀតបបែលមានសារធាតុគីមីប៉ូរ៉ាក់នេះ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា៖ ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឱ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង៕