(ព្រះសីហនុ)៖ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា របាំងពុះចែកទ្រូងផ្លូវនៅតាមកំណាត់ផ្លូវជាតិលេខ៤ ម្តុំផ្សារឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានរៀបចំដាក់តម្រៀបជាបណ្តើរៗហើយ កាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានឲ្យដឹងថា សកម្មភាពខាងលើនេះ បានចាប់ផ្តើមកាលពីព្រលប់ យប់ថ្ងៃទី៦ ខែមិថុនា ដោយអញ្ជើញពិនិត្យផ្ទាល់ពីសំណាក់ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអភិបាលរងខេត្ត ព្រមទាំងមន្ត្រីមន្ទីរស្ថាប័នជំនាញច្រើនទៀត។
លោក ណុប ហេង បន្តថា ចំពោះការរៀបចំដាក់របាំងចែកទ្រូងផ្លូវខាងលើនេះ គឺអនុវត្តជាជំហ៊ានដំបូងនៅតាមតំបន់ ឬទីតាំង ដែលផ្លូវធ្វើដំណើរតែងកើតមានចរាចរណ៍កកស្ទះខ្លាំងរាល់ថ្ងៃ។
លោក ណុប ហេង បានបន្ថែមថា កិច្ចការងារនេះ គឺត្រូវចំណាយថវិកាអស់ច្រើន ដែលត្រូវយកមកប្រើប្រាស់នៅតាមកំណាត់ផ្លូវជាតិលេខ៤ នាទីប្រជុំជនក្រុងព្រះសីហនុ រួមមាន៖ ការពង្រីកផ្លូវបន្ថែមចាប់ពីឃុំរាម ត្រង់ចំណុចគីឡូម៉ែត្រលេខ២០៨, ចាប់ពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ចាប់ពី ៤ ទៅ ៦គន្លង និងការដាក់របាំងពុះចែកទ្រូងផ្លូវដោយខឿនបេតុង។
លោកបន្តថា ការងារខាងលើនេះ ចាំបាច់ជាន្ទាន់បំផុតនោះ គឺត្រូវដាក់នៅប្រវែង ៦គីឡូម៉ែត្រ ត្រង់ចំណុចគីឡូម៉ែត្រ ២១៧ ទៅដល់ ២២៣។ ក្នុងនោះ ការស្ថាបនាផ្លូវពុះចែកសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ដោយត្រូវយកចំណីផ្លូវមួយផ្នែក ដើម្បីធ្វើជាផ្លូវឯកទិស ឬអាចប្រើប្រាស់ផ្លូវដដែលសិន ដោយការដាក់បន្ថែមភ្លើងស្តុបបញ្ជាចរាចេណ៍។
លោក ណុប ហេង បន្តថា តាមការសង្កេតកាលពីយប់ថ្ងៃទី៦ ខែមិថុនា សង្កេតឃើញរថយន្តធ្វើចរាចរណ៍នៅតែមានសភាពជាប់គ្នាមិនដាច់។ លោកបានឱ្យដឹងដែរថា ចរាចរណ៍មមាញឹកជាប់គ្នាស្ទើរមិនដាច់នៅផ្លូវខាងលើនេះ គឺស្ទើរមិនអាចឲ្យរថយន្ត ឬអ្នកដំណើរដើរ និងបើកឆ្លងកាត់ទទឹងផ្លូវមានការលំបាកជាដើម៕