(ភ្នំពេញ)៖ ទំនងជាប្រតិកម្មតបនឹងការលើករបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មិនមាននំបញ្ចុកស្នេហាជាតិ ឬនំបញ្ចុកក្បត់ជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើ Facebook។

សូមបញ្ជាក់ថា ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្សុី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឱ្យសមាជិក សមាជិកាបក្សប្រជាជនហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងឱ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ឬក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតប្រឆាំងវិញផងដែរ បើគេហៅ។

សម្តេចតេជោ បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែលយកមកធ្វើល្បោយនំបញ្ចុកផងដែរ៕