(ព្រៃវែង)៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅកណ្តាលវាលស្រែ យ៉ាងអាណោធអាធ័ម ខណៈត្រឡប់ពីដាក់អង្គប់សត្វកណ្តុរ ខណៈមេឃកំពុងតែភ្លៀងខ្លាំងលាយឡំនឹងផ្គររន្ទះ។
ហេតុការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖២៥នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចុងព្រែករំលេច ស្ថិតនៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះឈ្មោះ យាន យាត អាយុ២០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍។ សមត្ថកិច្ចបានបន្តថា ជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែទៅដាក់អង្គប់យកកណ្តុរនៅឯវាលស្រែជាប់ និងមាត់ព្រែក ប៉ុន្តែនៅថ្ងៃកើតហេតុដោយសារមានភ្លៀង និងផ្គររន្ទះក៏ត្រូវរន្ទះដ៏កំណាចប្រល័យជីវិតស្លាប់នៅកណ្តាលវាលស្រែតែម្តងទៅ។
បច្ចុប្បន្ន សាកសពត្រូវបានបងប្អូនយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕