(កណ្តាល)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយ និងរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ សុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើតេស្តបឋមលើផលិតផល៣៩គំរូរួមមាន៖ នំបញ្ចុក ប្រហុក កន្ធំថេត ស្ពៃក្តោប ជី ត្រសក់ សណ្តែកគួរ ស្លឹកគ្រៃ ភ្លៅកង្កែបត្របវែង ត្រយូងចេក ផ្កាស្នោរ មើមខ្ទឹម ម្ទេស ព្រលឹត... គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ណែម ប្រហិត គុយទាវ បាញ់កាញ់ និងគ្រឿងឧបភោគបរិភោគ។
មន្រ្តីដដែលបានឲ្យដឹងថា ជាលទ្ធផលរកឃើញ ប្រហុក ១គំរូ (ក្នុង៣គំរូ) មានវត្តមានសារធាតុគីមីហាមឃាត់ Formalin កន្ធំថេត ១គំរូ (ក្នុង២គំរូ) និងជីមានសំណល់ថ្នាំកសិកម្ម នៅក្នុងគំរូផលិតផលទាំងនោះ និងបានធ្វើការដកហូតប្រហិតកញ្ចប់នាំចូលពីប្រទេសថៃ ចំនួន១៣,៥០គីឡូក្រាម ហួសរយៈពេលប្រើប្រាស់យកមករក្សាទុក ដើម្បីដុតកំទេចចោល។
ក្នុងឱកាសនោះមន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពជូនដល់អាជីវករ កុំអោយប្រើសារធាតុគីមីហាមឃាត់ លើនំបញ្ចុក និងគ្រឿងផ្សំទាំងអស់នោះ៕