(ភ្នំពេញ)៖ គ្រូពេទ្យឯកទេស និងគិលានុដ្ឋាក-យិកា ឆ្មបជំនាញត្រូវធ្វើបទបង្ហាញជាមួយសហភាតរៈ ដែលចូលរួមទាំងអស់កាន់តែយកចិត្តទុកដាក់នឹងស្វែងយល់នូវគ្រប់ ខ្លឹម សារនឹងបទបង្ហាញដ៏មានអត្ថប្រយោជន៍ ទុកធ្វើជាបទពិសោធន៍ថ្មីៗ ដើម្បីបង្កើននូវចំណេះដឹងផ្នែកវេជ្ជសាស្រ្តសល្យសាស្រ្ត និងការពិនិត្យថែទាំឲ្យកាន់តែជឿនលឿន សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះនៅក្នុងទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្រ្តថែទាំ លើកទី២១ របស់មន្ទីរពេទ្យ រៀបចំ ឡើងដោយមានការសហការយ៉ាងជិតស្និទិ្ធ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត និងមន្ទីរពេទ្យប្រចាំ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំលើកទី២១ របស់ខ្លួនប្រចាំ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ឧត្តមភាពវេជ្ជសាស្ត្រ» ដើម្បីជំរុញឲ្យទិវានេះកាន់តែមានអត្ថន័យ និងមានសារសំខាន់ ពិសេសក្រុមគ្រូពេទ្យឯកទេសនិង គិលានុដ្ឋាក-យិកា ឆ្មបជំនាញ នឹង ត្រូវធ្វើបទបង្ហាញរួមជាមួយសហភាតរៈ ដែលចូលរួមស្តាប់ទាំងអស់ កាន់តែមានការយកចិត្តទុកដាក់ស្វែងយល់នូវគ្រប់ខ្លឹមសារ បទបង្ហាញដ៏មានអត្ថប្រយោជន៍ ទុកធ្វើជាបទពិសោធន៍ដើម្បី បង្កើននូវចំណេះដឹងផ្នែកវេជ្ជសាស្រ្ត សល្យសាស្រ្ត និងការពិនិត្យថែទាំឲ្យកាន់តែជឿនលឿនជាគុណ ប្រយោជន៍ដ៏ធំធេងបន្ថែមទៀត សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។
លោកសាស្រ្តាចារ្យ ធា គ្រុយ បានកោតសរសើរចំពោះគណៈកម្មាធិការទិវាវេជ្ជសាស្ដ្រ-សល្យសាស្រ្ត ដែលតែងតែបានខិតខំរួបរួមគ្នា ប្រារព្ធធ្វើទិវានេះឡើងជារៀងរាល់ឆ្នាំ ជាគុណតម្លៃដ៏ធំធេងផ្ដល់នូវបទ ពិសោធន៍ថ្មីៗជឿនលឿន នឹងចែករំលែកដល់សហភាតរៈទាំងអស់ អាចជួយឲ្យវិស័យសុខមាលភាពយើង ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានតម្លៃទាំងប្រសិទ្ធភាព និងគុណភាពផ្តល់នូវសេវាល្អឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងបានកាន់តែល្អប្រសើរ។
លោកសាស្ត្រាចារ្យក្រសួងសុខាភិបាល បានថ្លែងទៀតថា ទិវាវេជ្ជសាស្ដ្រ និងសល្យសាស្ដ្រ និងវិទ្យាសាស្រ្តថែទាំ លើកទី២១ របស់មន្ទីរពេទ្យកាល់ម៉ែត នាឱកាសដ៏វិសេសវិសាលនេះ ពិតជាមានសារសំខាន់ដ៏ថ្លាថ្លៃ បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្ដាអ្នកឯកទេស តាមជំនាញដើម្បីបង្ហាញនូវប្រធាន បទជាច្រើនព្រមទាំងការពិភាក្សាដកស្រង់យកបទពិសោធន៍ ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជ សាស្ដ្រ-សល្យសាស្រ្ត និងបែបបទបច្ចុប្បន្នភាពនៃការថែទាំការពិនិត្យ និងព្យាបាលជំងឺ និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍ កាន់តែប្រសើរឡើងថែមទៀត។
លើសពីនេះប្រធានបទ ដែលនឹងបង្ហាញជូនក្នុងពេលនេះ ជាចំណេះដឹងល្អថ្មីៗជាទុនដ៏ប្រសើរបន្ថែម សម្រាប់សហភាតរៈរបស់យើងទាំងអស់ ទទួលបាននូវបច្ចេកវិជ្ជាតាមកម្រិតស្តង់ដារ កាន់តែខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើន នាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់ គិតគូរ ជួយ ឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕