(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំដល់ម្ចាស់ ឬនាយកនៃសហគ្រាស គ្រឹះស្ថានសំណង់ទាំងអស់ដែលស្ថិតក្រោមច្បាប់ការងារ ត្រូវយកចិត្តទុកដាក់អនុវត្តនូវប្រការមួយចំនួនពាក់ព័ន្ធនឹងសុវត្ថិភាពការងារ សុខភាព និងអនាម័យ និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត។
តាមសេចក្ដីណែនាំរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញពីការណែនាំចំនួន៣ចំណុចធំៗ រួមមាន៖
*ទី១៖ ការការពារសុវត្ថិភាពការងារ
* រៀបចំឱ្យមានប័ណ្ណព័ត៌មានមួយ ដាក់នៅមាត់ច្រកចូលនៃគ្រប់ការដ្ឋានសំណង់ ដោយមិនគិតពីទំហំនៃការដ្ឋានសំណង់។ ប័ណ្ណព័ត៌មានត្រូវមានទំហំសមស្រប មើលឃើញច្បាស់ពីចម្ងាយពី ១០-១៥ម៉ែត្រ និងត្រូវថែទាំឱ្យនៅស្អាតជានិច្ច។
* ធ្វើរបងហ៊ុព័ទ្ធជុំវិញការដ្ឋានសំណង់ ដើម្បីធានានូវសុវត្ថិភាពផ្លូវចេញ-ចូល ក្នុងការដ្ឋានសំណង់ត្រូវមានសណ្តាប់ធ្នាប់ និងបែងចែកសម្រាប់យានយន្ត និងសម្រាប់អ្នកថ្មើរជើង។
* រៀបចំដាក់សញ្ញាការសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់។
* រៀបចំឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពជាប្រចាំក្នុងបរិវេណការដ្ឋាន។
* ផ្តល់សម្ភារការពារបុគ្គលដល់កម្មករនិយោជិត ឱ្យស្របទៅនឹងប្រភេទការងារនីមួយៗ។
* រៀបចំប្រព័ន្ធបង្ការអគ្គិភ័យ និងច្រកគ្រាអាសន្ន ឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
* រៀបចំប្រព័ន្ធសុវត្ថិភាពការពារការធ្លាក់ពីទីខ្ពស់ ការងារក្រោមដី និងការងារជីក។
* រៀបចំប្រព័ន្ធអគ្គិសនីឱ្យមានសុវត្ថិភាព និងមានអ្នកទទួលខុសត្រូវច្បាស់លាស់។
* រៀបចំបំពាក់ភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់ សម្រាប់ការងារនៅទីកន្លែងងងឹត និងការងារពេលយប់។
* គ្រប់គ្រឿងម៉ាស៊ីនត្រូវមានរបាំងការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
* សារធាតុគ្រោះថ្នាក់ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីកន្លែងធ្វើការ។
*ទី២៖ ការការពារសុខភាព និងអនាម័យការងារ
* ផ្តល់ភេសជ្ជៈអនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ សម្រាប់សេចក្តីត្រូវការប្រចាំថ្ងៃ។
* រៀបចំបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ដោយបែងចែកបង្គន់ស្រី-ប្រុសដាច់ដោយឡែក។
* រៀបចំឱ្យមានសេវាសង្គ្រោះបឋមប្រចាំនៅការដ្ឋានសំណង់។
* ហាមប្រើប្រាស់កម្មករនិយោជិត អាយុក្រោម១៥ឆ្នាំ ធ្វើការក្នុងការដ្ឋានសំណង់។
* បណ្តុះបណ្តាលកម្មករនិយោជិតស្តីពីសុវត្ថិភាព និងសុខភាពការងារជាប្រចាំ។
*ទី៣៖ ការរៀបចំកន្លែងស្នាក់នៅ៖ ក្នុងករណីកម្មករនិយោជិតមានកន្លែងស្នាក់នៅឆ្ងាយ ឬស្ម័គ្រចិត្ត ឬសុំការអនុញ្ញាតស្នាក់នៅក្នុងការដ្ឋានសំណង់ កន្លែងស្នាក់នៅត្រូវមានសុវត្ថិភាព និងអនាម័យ៕