(ភ្នំពេញ)៖ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាព ប្រជាពលរដ្ឋ ក៏ដូចជាការបន្ថែមពីលើការងារប្រចាំការ ត្រួតពិនិត្យទំនិញនៅក្នុងផ្សាររៀងរាល់ថ្ងៃ នៅថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារធំៗ ក្នុងខណ្ឌច្បារអំពៅ ដោយផ្តោតសំខាន់លើនំបញ្ចុក និងបន្លែ។

មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការទាំងអស់នេះ ក្រុមការងារបានធ្វើតេស្តបឋមទៅលើ នំបញ្ចុក និងបន្លែដូចជា ត្រយូងចេកហាន់ហើយ ស្ពៃក្តោប សណ្តែកបណ្តុះ ភ្លៅកង្កែប ត្រសក់ ដែលសុទ្ធសឹងជាល្បោយ សំរាប់ដាក់ក្នុងនំបញ្ចុក តែជាលទ្ធផល រកមិនឃើញមានសារធាតុគីមី ហាមឃាត់នោះទេ។

មន្ត្រីបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ តាមរយៈការជួយបង្ការ ឲ្យចៀសផុតពីជម្ងឺ រោគា ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្មុងនោះ។

មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំដល់អាជីវករឲ្យធ្វើការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ និងវិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់៕