(ស្ទឹងត្រែង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជា ការពារសុវត្ថិភាពម្ហូបអាហារ នៅលើទីផ្សារ មន្រ្ដីកាំកុងត្រូលសាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅតាមបណ្តាផ្ទះលក់ និងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដោយផ្តោតសំខាន់ទៅលើនំបញ្ចុក ក្រែងនៅមានសំណល់ជាតិកសិកម្ម នៅលើបន្លែ តែរកឃើញមានសារធាតុគីមីនោះទេ។
លោក គឹម ប្រុស បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញរបស់លោក បានផ្តោតទៅលើ នំបញ្ចុក និងបន្លែ ដូច ត្រយូងចេកហាន់ហើយ ស្ពៃក្តោប សណ្តែកបណ្តុះ ភ្លៅកង្កែប ត្រសក់ ដែលសុទ្ធសឹងជាល្បោយ សំរាប់ដាក់ក្នុងនំបញ្ចុក តែជាលទ្ធផល រកមិនឃើញមានសារធាតុគីមីហាមឃាត់នោះទេ។
លោកប្រធានសាខា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕