(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងជាមួយគ្នា ប្រកបដោយឥរិយាបទថ្លៃថ្នូរ និងគប្បីរួមរស់នៅជាមួយគ្នាយោគយល់គ្នាជួយគ្នាទៅវិញទៅមក ចាត់ទុកទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួសាររបស់លោកផងដែរ។
លោកបានអំពាវនាវបែបនេះ ក្នុងឱកាសចូលរួមដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានជាច្រើនករណី នៅអគារបុរាណខេត្តពោធិ៍សាត់ និងផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតជិត ៨០០នាក់។
លោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាប្រជាពលរដ្ឋទូទាំងខេត្ត បើពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ។
លោកបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋម ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាមនេះ មិនអាចឱ្យប្រជាពលរដ្ឋយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យប្រជាពលរដ្ឋរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។
លោកបានបន្ថែមថា យើងបានជួបជុំគ្នាមើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះត្រូវលើកពីបញ្ហាប្រឈមមកជជែកដោះស្រាយទាំងអស់គ្នា ទើបបញ្ហាទាំងអស់នោះត្រូវបញ្ចប់ តែប្រសិននៅតែប្រកាន់ការរឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការនោះ នឹងត្រូវខាតទាំងថវិកា និងពេលវេលា។
លោកបានបញ្ជាក់បន្ថែមថា «ការយល់យោគអធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមកជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។
លោកបានបន្ថែមទៀតថា «អ្នកយកដីគេត្រូវឲ្យគេ អ្នកជំពាក់លុយគេ ត្រូវសងគេ បើអត់ត្រូវសុំគេ បើទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា»៕