Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទូន្មាននាយករដ្ឋមន្ត្រីសិង្ហបុរីថា គួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៅក្នុងអាស៊ាន (Video inside)

07-06-2019 09:54

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆ្លៀតផ្តល់ការក្រើនរំលឹក និងទូន្មានទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន គួរតែចេះថ្នាក់ថ្នមនូវទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជន និងប្រជាជននៅក្នុងប្រទេសសមាជិកអាស៊ាន។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹក និងប្រដៅដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង។

លោក ផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់ដូច្នេះ «យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន»

ការផ្តល់ដំបូន្មានរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់លោក លី ស៊ានឡុង បានធ្វើឡើងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសស្ថាបនិកសមាគមអាស៊ានរូបនេះ នៅចុងខែឧសភាកន្លងទៅនេះ បានសរសេរសារមួយដោយបានចោទប្រកាន់ប្រទេសវៀតណាមថា ឈ្លានពានប្រទេសកម្ពុជាក្នុងពេលកម្ពុជាធ្វើសង្គ្រាមរំដោះប្រទេសផ្តួលរំលំរបបប្រល័យពូជសាសន៍។

សម្តីដែលគេចាត់ទុកជាការជ្រៀតជ្រែកដល់ដែនអធិបតេយ្យជាតិកម្ពុជាផ្ទុយពីរដ្ឋធម្មនុញ្ញអាស៊ាននេះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រតិកម្មធ្ងន់ៗផងដែរកាលពីយប់មិញ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើងនេះ ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។

សម្តេចតេជោ ក៏បានចាត់ទុកការលើកឡើងនេះថា ជាការបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ៕