Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន មកសិក្សាស្វែងយល់អំពីសក្តានុពលខេត្តព្រះសីហនុ ខណៈសន្ទុះនៃការអភិវឌ្ឍកំពុងកើនគំហុក

06-06-2019 21:41

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ នាយកតំបន់អាស៊ីខាងកើត នៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើត និងខាងលិច នៃក្រសួងការបរទេសជប៉ុន លោក យូខ្យូ សៃភា បានជួបពិភាក្សាការងារជាមួយ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដើម្បីស្វែងយល់អំពីសក្តានុពល នៃខេត្តព្រះសីហនុ គ្រាដែលខេត្តនៅតំបន់និរិតីមួយនេះ ត្រូវបានអ្នកវិនិយោគបរទេស ជាពិសេសមកពីប្រទេសចិន កំពុងសម្រុកចុះដើមទុនវិនិយោគយ៉ាងគំហុក។

លោក យន្ត មីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងជួយគាំទ្រប្រទេសកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ តាមរយៈជំនួបនេះ អភិបាលខេត្តព្រះសីហនុ ស្នើសុំជប៉ុនជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តនេះ ទៅធុរជន និងប្រជាជនជប៉ុនដើម្បីឲ្យពួកគេចូលមកបណ្តាក់ទុន និងកម្សាន្ដនៅខេត្តព្រះសីហនុនុ។

ដោយឡែក សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការវិនិយោគស្របច្បាប់ទាំងអស់ ដោយមិនប្រកាន់ថា ចិន ជប៉ុន អាមេរិក ឬអឺរ៉ុបឡើយ ហើយរដ្ឋបាលខេត្តព្រះសីហនុ ធានាការពារយ៉ាងគត់មត់ផ្នែកសន្តិសុខ សុវត្ថិភាពស្របតាមច្បាប់។

លោក យន្ត មីន បានគូសបញ្ជាក់បន្ថែមថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាខេត្តឧស្សាហកម្មគំរូពហុបំណង់តែមួយគត់របស់កម្ពុជា និងជាខេត្តបំពង់កសេដ្ឋកិច្ចរបស់ប្រទេស។ សព្វថ្ងៃនេះការវិនិយោគ ពហុវិស័យកំពុងដំណើរការយ៉ាងសកម្ម និងបានធ្វើឲ្យខេត្តព្រះសីហនុ មានវឌ្ឍនភាព ជីវភាពប្រជាជនបានប្រសើរឡើងគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោក យូខ្យូ សៃភា បានថ្លែងថា ខេត្តព្រះសីហនុពេលនេះពិតជាអភិវឌ្ឍលឿនប្លែកណាស់ ហើយលោកបានកោតសរសើរ អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំខេត្តនេះ មានការការអភិវឌ្ឍប្រែមុខមាត់យ៉ាងលឿន។ លោកបញ្ជាក់ថា កន្លងមកជប៉ុនបានជួយអភិវឌ្ឍ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជាយូរឆ្នាំមកហើយ។

បើតាមលោក យូខ្យូ សៃភា ប្រទេសជប៉ុន នឹងបន្តជួយអភិវឌ្ឍកំពង់ផែនេះតទៅទៀត និងបានសន្យាថា នឹងជួយផ្សព្វផ្សាយអំពីសក្តានុពល នៃខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន អ្នកវិនិយោគនិងទេសចរ ដើម្បីជម្រុញវិនិយោគិន និងទេសចរណ៍ឲ្យចូលមកវិនិយោគ និងមកលេងកម្សាន្ដនៅខេត្តព្រះសីហនុឲ្យបានច្រើន។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង មានរោងចក្រសហគ្រាស កំពុងដំណើរការចំនួន២១០ មានទុនវិនិយោគ សរុបជាង៨,០០០លានដុល្លាអាមេរិក និងបានផ្តល់ការងារជូនប្រជាជនជាច្រើនម៉ឺននាក់ផងដែរ។

ក្រៅពីនេះខេត្តមានកំពង់ផែទឹកជ្រៅ ដែលជួយវិនិយោគដោយជប៉ុន សព្វថ្ងៃកំពុងពង្រីកបន្ថែម និងមានទំនិញចេញចូលតាមកំពង់ផែនេះចំនួន៧៣% ហើយមានគម្រោងពង្រីកកំពង់ផែមួយទៀតនៅស្រុកស្ទឹងហាវ។ លើសពីនេះ ព្រលានយន្តហោះអន្តរជាតិ កំពុងពង្រីកដើម្បីធ្វើឲ្យយន្តហោះធំៗ អាចប្រតិបត្តិការបាន មានផ្លូវគមនាគមន៍ប្រទាក់ក្រឡា និងផ្លូវល្បឿនលឿនកំពុងសាងសង់ មានកោះ និងឆ្នេរខ្សាច់ស្អាតជាដើម៕