(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងទេសចរណ៍សង្កេតឃើញមានព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់សណ្ឋាគារ ដែលវាយតម្លៃផ្ដល់ជូនដោយក្រសួងទេសចរណ៍ និងការដាក់ផ្កាយលើគេហទំព័រ Online Travel Agency ដែលរួមមាន TripAdvisor, Agoda, Booking.com, Expedia ជាដើម គឺធ្វេីឡេីងតាមរយៈការវាយតម្លៃដោយភ្ញៀវទេសចរ។

ក្នុងន័យនេះ ដើម្បីចៀសវៀងការភាន់ច្រឡំដល់សាធារណជន អំពីវាយតម្លៃផ្ដល់ជូនចំណាត់ថ្នាក់សណ្ឋាគារ ក្រសួងទេសចរណ៍ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖

១៖ ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានអនុលោមតាមគោលការណ៍ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៦អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍នានាជាធរមាន។

២៖ ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានបែងចែកជា ០៥ចំណាត់ថ្នាក់រួមមាន ចំណាត់ថ្នាក់ផ្កាយ១ ចំណាត់ថ្នាក់ផ្កាយ២ ចំណាត់ថ្នាក់ផ្កាយ៣ ចំណាត់ថ្នាក់ផ្កាយ៤ និងចំណាត់ថ្នាក់ផ្កាយ៥។ ក្រោយពីបានធ្វើការវាយតម្លៃនិងបញ្ជាក់ថាសណ្ឋាគារ មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមការកំណត់នៃចំណាត់ថ្នាក់ផ្កាយណាមួយហើយ ក្រសួងទេសចរណ៍ នឹងចេញជាស្លាកសញ្ញាសម្រាប់សណ្ឋាគារ ដាក់តាំងបង្ហាញដល់សាធារណជន ដែលមានគំរូដូចខាងក្រោម៖

៣៖ សម្រាប់តារាងឈ្មោះសណ្ឋាគារ ដែលទទួលបានការវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារដោយក្រសួងទេសចរណ៍ សូមចូលគេហទំព័រៈ http://cambodiatourismrating.org/kh
ឬស្កេន QR Code នេះ ដើម្បីចូលទៅកាន់គេហទំព័រចំណាត់ថ្នាក់សណ្ឋាគារ៕