Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រន្ទះបាញ់ផ្តាច់ជីវិតសិស្ស២នាក់ និងបណ្តាលឱ្យរបួសធ្ងន់ ១នាក់

06-06-2019 20:17

(រតនគិរី)៖ សិស្សពីរនាក់បានស្លាប់ និង១នាក់ បានរងរបួសធ្ងន់ដោយសាររន្ទះបាញ់នៅស្រុកលំបាត់ ខេត្តរតនគិរី នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមសមត្ថកិច្ច បានអះអាងថា ជនរងគ្រោះដោយសាររន្ទះបាញ់រួមមាន៖ ១. ឈ្មោះ ធ្វើន រ៉េន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រៀនថ្នាក់ទី០៦ រងរបួសធ្ងន់, ២. ឈ្មោះ យំ ថែ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី២ (ស្លាប់) និងទី៣.ឈ្មោះ លេង គឹមហ៊ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី៦ (ស្លាប់)។ ជនរងគ្រោះរស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលឃុំបាតាង បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៏បានប្រគល់សពជូនឪពុកម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកឈ្មោះ ធ្វើន រ៉េន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកលំផាត់។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏មានករណីរន្ទះបាញ់បណ្តាលឱ្យក្មេងប្រុស ឈ្មោះ ហន ដឹន អាយុ ១១ឆ្នាំ ជនជាតិទំពួន បានស្លាប់បាត់បង់ជីវិតផងដែរ។ ហេតុការណ៍នោះកើតនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់៕