(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នឹងរៀបចំសន្និសីទសាព័ត៌មានស្តីពី «ការរៀបចំព្រឹត្តការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាលើកទី១» នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩ នៅទីស្តីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការរៀបចំនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។
ក្នុងជំនួបពិភាក្សា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំនូវព្រឹត្ដការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ទាំងលើផ្នែកបច្ចេកទេសរៀបចំ ការងារសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។
លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថាព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយព្រឹត្ដិការណ៍នឹងធ្វើការផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗនានានៅក្នុងតំបន់ ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ដ៏ទាក់ទាញទាំងដែលមានស្រាប់ និងតំបន់ដែលមានសក្ដានុពលទេសចរណ៍នានាក្នុងខេត្ដតំបន់ឆ្នេរសមុទ្រទាំងបួនផងដែរ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់កាន់តែច្បាស់ និងមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន៕