(ភ្នំពេញ)៖ រឿងហូបនំបញ្ចុក បើគិតមួយភ្លែតទៅដូចជារឿងកំប្លែង។ ប៉ុន្តែបើគិតឲ្យស៊ីជម្រៅ វាពិតជារឿងមិនធម្មតាប៉ុន្មានឡើយ។ ជាបឋមគេគួរយល់ថា ការជួបជុំហូបនំបញ្ចុក ត្រូវបានក្រុមអតីតបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ប្រើប្រាស់ជាយុទ្ធវិធីបន្លំភ្នែកអាជ្ញាធរមានសមត្ថកិច្ចដើម្បីបិទបាំងការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅច្បាប់របស់ខ្លួន។
ដោយទទួលបានលុយកាក់ពីក្រៅប្រទេស ក្រុមសកម្មជនមួយចំនួនរបស់អតីតបក្សប្រឆាំងដូចជា នៅខេត្តបាត់ដំបង ឈ្មោះ រ៉ូហ្សែត ។ល។ បានព្យាយាមបង្កើតឡើងវីញនូវ បណ្តាញរបស់ខ្លួននៅក្នុងប្រទេសដើម្បីធ្វើសកម្មភាពនយោបាយប្រឆាំង នឹងសាលដីកាតុលាការកំពូលតាមបញ្ជារបស់ សម រង្ស៊ី ពីក្រៅប្រទេស។
ប៉ុន្តែក្រោយពីផែនការសម្ងាត់នេះត្រូវបានបំបែកក្រុមគេក៏បាន បង្វែររឿងហូបនំបញ្ចុកនេះឲ្យទៅជារឿងនយោបាយ។ ពួកគេបានបង្វែរកំហុសទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោយចោទថា គ្រាន់តែស៊ីនំបញ្ចុកសោះក៏ហៅទៅសួរដែរ។ តាមពិតយើងក៏ដឹងដែរថា ការហូបនំបញ្ចុក នំគ្រក់ ឬពងទារកូន។ល។
មិនមែនជាបញ្ហាអ្វីនោះទេ តែបញ្ហាគឺឲ្យតែមនុស្សប្រព្រឹត្តខុសច្បាប់នឹងត្រូវច្បាប់ចាត់ការហើយ។ បើច្បាប់ចាត់ការ ពេលអ្នកកំពុងហូបអាហារណាក៏ដោយ យើងមិនអាចចងភ្ជាប់រឿងនេះទៅនឹងចំណីអាហារនោះទេ ព្រោះអាហារទាំងនោះគ្មានកំហុសទេ ដូចករណីនំបញ្ចុកនេះជាដើម។
ប៉ុន្តែល្បិចស៊ីនំបញ្ចុកនេះតាមពិតទៅ គឺពិតជាល្បែងនយោបាយទុច្ចរិតប្រកបដោយគ្រោះថ្នាក់ដែលគេយកនំបញ្ចុកមកបិទបាំងតែប៉ុណ្ណោះ។ ក្រោយបែកការពួកមេដឹកនាំអតីតបក្ស ប្រឆាំងបានបំប៉ោង រឿងស៊ីនំបញ្ចុកឲ្យក្លាយជារឿងនយោបាយកាន់តែធំទៅៗ តាមរយៈការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួននាំគ្នាស៊ីនំបញ្ចុកនៅថ្ងៃទី៩ មិថុនាខាងមុខនេះ។
ការអំពាវនាវនេះគឺជាសារនយោបាយដ៏ពិសពុលបំផុតរបស់ លោក សម រង្ស៊ី ពីព្រោះ៖
ទី១៖ វាបានធ្វើឲ្យអ្នកលក់និង អ្នកចូលចិត្តបរិភោគនំបញ្ចុកមានអារម្មណ៍ទើសទាល់ដោយសារ តែពួកគេហាក់ត្រូវបានគេលាបពណ៌នយោបាយព្រោះតែសកម្មភាពលក់ ឬបរិភោគនំបញ្ចុក។
ទី២៖ វាជាសារនយោបាយដែលធ្វើឲ្យសង្គមខ្មែរទាំងមូលបែកបាក់គ្នាយ៉ាងខ្លាំង ពីព្រោះតែមានការបែងចែករវាងអ្នកបរិភោគនំបញ្ចុក និងអ្នកមិនបរិភោគនំបញ្ចុក។ ហើយបើនិយាយពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវីញ គឺលែងខ្ចីហ៊ានបរិភោគ នំបញ្ចុក រីឯអ្នកគាំទ្របក្សផ្សេង ឬអ្នកនិយមកណ្តាលក៏រអៀសខ្លួនមិនហ៊ានបរិភោគ នំបញ្ចុកដែរ ព្រោះខ្លាចក្រុមអតីតបក្សប្រឆាំងរាប់បញ្ចូលពួកគេថាជាក្រុមរបស់ខ្លួនដែរ។
ទី៣៖ វាធ្វើឲ្យនំបញ្ចុកដែលជាអត្តសញ្ញាណខ្មែរក្លាយជាចំណាប់ខ្មាំងនយោបាយទាំងស្រុង។ នេះគឺជានយោបាយទុច្ចរិតដ៏អាក្រក់បំផុតរបស់លោក សម រង្ស៊ី។
ដោយមើលឃើញពីគ្រោះថ្នាក់ធំធេងដល់សង្គមខ្មែរ និងដល់អត្តសញ្ញាណជាតិបែបនេះហើយទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន សំរេចចិត្តត្រូវតែបំបែកផែនការទុច្ចរិតរបស់ សម រង្ស៊ី ចោលសារជាថ្មី។ ផែនការទុច្ចរិតនេះពិតជាជ្រៅ ប៉ុន្តែខ្ញុំយល់ថា វាជាល្បិចរាក់កំផែលនៅក្នុងកែវភ្នែកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពោរពេញដោយបទពិសោធន៍ចាស់វស្សា។
យុទ្ធសាស្ត្ររុញទូកបណ្តាយទឹកដ៏សាមញ្ញក៏អាចបំបែកផែនការពិសពុលនេះបានយ៉ាងងាយ និងយ៉ាងមានប្រសិទ្ធភាពបំផុត។
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យគ្រប់គ្នាហូបនំបញ្ចុក ហើយកំណត់យកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ ជាថ្ងៃរៀបចំហូបនំបញ្ចុកទូទាំងប្រទេសគឺចំថ្ងៃ ដែលមេដឹកនាំអតីតបក្សប្រឆាំងកំណត់ឲ្យក្រុមរបស់ខ្លួនហូបនំបញ្ចុកដែរ។
សារសំខាន់មួយទៀតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ «នំបញ្ចុកឯកភាពជាតិ»។ សារនេះបានបន្សាបពិសពុល «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់ សម រង្ស៊ី ទាំងស្រុង។
បច្ចុប្បន្ននេះពលរដ្ឋខ្មែរម្នាក់ៗ អាចបរិភោគនំបញ្ចុកដោយមោទនភាព និងដោយចំហរ មិនថាអ្នកណាកាន់បក្សណាឡើយ។ ពួកគេមិនត្រឹមតែបរិភោគធម្មតាប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថតបង្ហោះតាមហ្វេសប៊ុកព្រោងព្រាតទៀតផង។
ដូច្នេះស្នៀតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបំបែកពិសពុល «នំបញ្ចុកនយោបាយ» ឬ «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់ សម រង្ស៊ី ពិតជាមានប្រសិទ្ធភាពយ៉ាងលឿន រហ័សជាងអ៉ិនធើណែត 5G ពោលគឺស្នៀតនេះបានបំផ្លែងពិសបំបែកបំបាក់ជាតិរបស់ សម រង្ស៊ី ឲ្យទៅជាទឹកឃ្មុំដ៏ផ្អែមឈ្ងុយឆ្ងាញ់សម្រាប់ផ្សះផ្សារជាតិទៅវិញ៖
ទី១៖ បំផ្លែងពីការធ្វើឲ្យអ្នកលក់នំបញ្ចុក និងអ្នកបរិភោគនំបញ្ចុកពីមានអារម្មណ៍ទើសទាល់ដោយសារការលាបពណ៌មកជាអ្នកលក់ និងអ្នកបរិភោគនំបញ្ចុកដោយមោទនភាពវិញ ហើយលក់កាន់តែដាច់ជាងមុន។
ទី២៖ បំផ្លែងពីពិសនំបញ្ចុកបំបែកបំបាក់ជាតិឲ្យទៅជាទឹកឃ្មុំនៃ នំបញ្ចុកផ្សះផ្សារនិងឯកភាពជាតិវិញ ពីព្រោះពីអំណឹះតទៅនំបញ្ចុកខ្មែរគ្មានពណ៌នយោបាយទៀតឡើយ។
ទី៣៖ ស្នៀតរុញទូកបណ្តោយទឹករបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំដោះនំបញ្ចុកដែលជាអត្តសញ្ញាណខ្មែរចេញពីចំណាប់ខ្មាំងនៃពិសរបស់លោក សម រង្ស៊ី ទាំងស្រុង។
ខ្ញុំកត់សំគាល់ឃើញថាបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មកនំបញ្ចុកខ្មែរពេលនេះកំពុងត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។ នេះគឺជាអត្ថន័យនៃរឿង នំបញ្ចុកដែល ខ្ញុំសូមបកស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យបានយល់ពីព្រោះអាចមានអ្នកខ្លះមិនទាន់យល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះឡើយ។
ហេតុដូច្នេះហើយទើបបានជាមានអ្នកគាំទ្រលោក សម រង្ស៊ី ផ្កាប់មុខខ្លះរាប់ទាំងអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងមួយចំនួនផង បានបង្ហើរសារបែបមិនយល់សាច់ការអ្វីទាំងអស់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយរឿងនំបញ្ចុកគឺដើរតាមក្រោយលោក សម រង្ស៊ី។
ខ្ញុំយល់ថា ប៉ូលិសដែលរត់តាមពីក្រោយចោរមិនមែនធ្វើតាមចោរនោះទេ តែគឺដេញចាប់ចោរយកទៅញាត់គុក។ សរុបមកវិញលោក សម រង្ស៊ី ពិតជាមានល្បិចពិសពុលខ្លាំងណាស់ ក្នុងការបំបែកបំបាក់ជាតិតាមគ្រប់រូបភាពគឺអស់ពីល្បិចមួយចូលដល់មួយទៀតមិនចេះចប់មិនចេះហើយ។
ប៉ុន្តែខ្ញុំគិតថាស្រុកខ្មែរ យើងពិតជាមហាសំណាងហើយដែលមាននាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាប្រមុខដឹកនាំប្រទេស កុំអីប្រទេសជាតិយើងមិនដឹងជាធ្លាក់ដល់ណាទេ ដោយសារតែល្បិចកលគ្រប់បែបយ៉ាង និងគ្រប់រូបភាពរបស់ សម រង្ស៊ី ដែលសូម្បីតែនំបញ្ចុកក៏គាត់អាចទាញឲ្យទៅជារឿងនយោបាយបានដែរ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ