(ចិន)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញទស្សនថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាចលករដ៏សំខាន់មួយ សម្រាប់ការធ្វើសមាហរណកម្មអន្តរតំបន់ និងអន្តរតំបន់។ ជាងនេះទៅទៀត ការធ្វើសមាហរណកម្ម និងការតភ្ជាប់រវាងដី និងសមុទ្រ មានសារសំខាន់ណាស់ ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង។
ការបង្ហាញទស្សនរបស់ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួម «វេទិកាខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីការអភិវឌ្ឍ នៃការតភ្ជាប់ដី និងសមុទ្រ» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ វេទិកាខ្សែក្រវ៉ាត់និងផ្លូវនេះ មានមន្ត្រីជាន់ខ្ពស់ ចំនួន៣៧ប្រទេស មកពីតំបន់អឺរ៉ុប និងអាស៊ីអាគ្នេយ៍ បានចូលរួម។ ក្នុងនោះ គណប្រតិភូកម្ពុជា ត្រូវបានភាគីចិន យកចិត្តទុកដាក់ខ្លាំងជាងគេ។
ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ការតភ្ជាប់ផ្លូវគោក និងសមុទ្រនេះ ជាកូនភ្លោះរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយសារការអភិវឌ្ឍ ការតភ្ជាប់ខាងផ្លូវគោក និងសមុទ្រនេះ នាំឱ្យមានសហប្រតិបត្តិការយ៉ាងទូលំទូលាយ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សហប្រតិបត្តិការការផ្លាស់ប្តូរប្រជាជន ព្រមទាំងសហប្រតិបត្តិការ ក្នុងក្របខណ្ឌឈ្នះៗ និងវិស័យផ្សេងៗទៀត។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា រយៈពេលជិត៦ឆ្នាំកន្លងមក ចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានផ្តួចផ្តើមឡើង ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៣ បានផ្តល់នូវកាលានុវត្តភាពថ្មី ដើម្បីធ្វើឱ្យរីកចំរើនរបស់ប្រជាជន នៅក្នុងប្រទេសតាមបណ្តោយ ខ្សែក្រវាត់និងផ្លូវ បានប្រសើរឡើង។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ គឺជាឧទាហរណ៍ នៃកិច្ចសហប្រតិបត្តិការដ៏ធំធេងមួយ សម្រាប់ការរីកចំរើនរួម ដែលទាមទារឱ្យមាន កិច្ចសម្របសម្រួលកាន់តែល្អប្រសើរ ការតភ្ជាប់រចនាសម្ពន្ធ ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា ខ្សែក្រវាត់ផ្លូវគោកឆ្លងកាត់អាស៊ីកណ្តាល មុននឹងទៅដល់អឺរ៉ុប តភ្ជាប់សេដ្ឋកិច្ចដ៏ធំធេងពីរក្នុងលោក គឺចិន និងអឺរ៉ុប។ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ មានប្រជាជនយ៉ាងច្រើនកុះករ ក្នុងការតភ្ជាប់ រវាងចិននិងអឺរ៉ុបផងដែរ ហើយឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង មជ្ឈឹមបូព៌ា ទៅដល់អាហ្វ្រិក។ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា វេទិកានេះ នឹងជំរុញការតភ្ជាប់ដីនិងសមុទ្រ ដែលលើកកម្ពស់ផលប្រយោជន៍បំពេញបន្ថែម នៃការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីជំរុញការអភិវឌ្ឍដែលមានភាពសម្របសម្រួល និងភាពបន្ស៊ីគ្នា នៃសេដ្ឋកិច្ចដែនដីនិងសមុទ្រ។
ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងតែឆ្លងកាត់ ដំណាក់កាលផ្លាស់ប្តូរដ៏ស្មុគស្មាញ ហើយសេដ្ឋកិច្ចសកល ត្រូវបានរង្គោះរង្គើ និងសកលភាវូបនីយកម្ម កំពុងតែប្រឈមនឹងការលំបាកថ្មីៗជាច្រើន ដោយសារការគាំពារនិយម និងឯកតោភាគីនិយម ខណៈដែលពិភពលោកបច្ចុប្បន្ន ត្រូវការសកលភាវូបនីយកម្ម និងពហុភាគីនិយម ដែលខ្សែក្រវាត់និងផ្លូវ ជាចលករមួយ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឱ្យលោកអភិបាលក្រុង ជួយជម្រុញឱ្យបង្កើនការហោះហើរបន្ថែមទៀត ដោយសារមានកំណើនភ្ញៀវទេសចរ និងបានស្នើឱ្យទីក្រុងឆុងឈីង ជួយទិញអង្ករ និងផលិតផលកសិកម្ម ពីប្រទេសកម្ពុជាបន្ថែមទៀត។ ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើឱ្យអភិបាលក្រុងឆុងឈីង ជួយផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកអភិបាលក្រុង ទៅបំពេញទស្សនៈកិច្ច នៅប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ ក៏បានគូសបញ្ជាក់ពីបទពិសោធន៍នៅកម្ពុជា ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ។ ដោយក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិន ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា គឺជាអ្នកគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវយ៉ាងខ្លាំងក្លា ចាប់តាំងពីពេលចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមានដូចជា៖
* ក្នុងឱកាសវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ កាលពីខែមេសាកន្លងទៅ កម្ពុជានិងចិនបានចុះហត្ថលេខាលើ «ផែនការសកម្មភាព រវាងកម្ពុជានិងចិន ដើម្បីបង្កើតសមាគមវាសនារួមកម្ពុជា-ចិន»។
* ថ្មីៗនេះ កម្ពុជានិងចិន បានសម្ពោធផ្តើម បើកឆ្នាំ២០១៩ ជាឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌។ ហើយឯកឧត្តមជឿជាក់ថា យន្តការពីរខាងលើក និងបង្កើនមូលដ្ឋានដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍសហប្រតិបត្តិការ នៃការតភ្ជាប់រវាងកម្ពុជានិងចិន។
បន្ទាប់ពីអញ្ជើញចូលរួម ក្នុងពិធីបើកវេទិកា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់កិច្ចសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ជាតិ និងសារព័ត៌មាន សំខាន់ៗចំនួន៥ស្ថាប័នរបស់ចិន ដែលសុទ្ធតែមកពីទីក្រុងប៉េកាំង។ ស្ថានីយ៍ទូរទស្សន៍ជាតិ និងសារព័ត៌មានទាំង៥នោះរួមមាន ៖ ទូរទស្សន៍ជាតិរបស់ចិន (CCTV), កាសែតប្រជាជន (People's Daily), ទីភ្នាក់ងារស៊ិនហួ (Xinhua News Agency), ទូរទស្សន៍ភាសាអង់គ្លេសរបស់ចិន (CGTN) និងភ្នាក់ងារព័ត៌មានចិន (China News Service)។
ក្នុងឱកាសស្នាក់នៅប្រទេសចិន ឧបនាយករដ្ឋមន្ត្រី ក៏បានជួបទ្វេរភាគី ជាមួយនឹងលោក ថាង លាងជិ អភិបាលក្រុងឆុងឈីងផងដែរ។ នៅក្នុងជំនួបនេះ លោក អភិបាលក្រុង បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីមិត្តភាព រវាងចិននិងកម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម មានកំណើនយ៉ាងខ្លាំងក្លា។ លោកបានបន្តថា ការធ្វើទំនើបកម្មខ្សែក្រវ៉ាត់និងផ្លូវ គឺស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលក្រុង បានបន្តថា បច្ចុប្បន្ន មានការហោះហើរត្រង់ ពីក្រុងឆុងឈីង ទៅកាន់កម្ពុជា ក្នុងមួយសប្តាហ៍៣ដង ហើយអាចនឹងមានការកើនឡើង នៅពេលអនាគត ដោយសារកំណើនទេសចរណ៍ ពីទីក្រុងឆុងឈីង ទៅកាន់កម្ពុជា ដែលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩នេះ មានចំនួនស្មើនឹងភ្ញៀវទេសចរ ពេញមួយឆ្នាំ២០១៨ ដែលបានទៅទស្សនាកម្ពុជា។ លោកបានបន្ថែមទៀតថា នៅពេលអនាគត យើងនឹងពង្រីកទំនាក់ទំនងជាមួយគ្នា លើវិស័យផ្សេងទៀតដូចជា៖ វិស័យអប់រំ និងកសិកម្មជាដើម។
នៅក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជានិងចិន គឺជាមិត្តដ៏ជិតស្និទបំផុត ហើយមានទំនាក់ទំនងសេដ្ឋកិច្ចល្អ។ ឯកឧត្តម បានវាយតម្លៃថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន បានតភ្ជាប់ជាមួយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីបើកវេទិកានេះបន្ទាប់ពីលោក ឆិន មីនអឺរ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល គណបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការទីក្រុងឆុងឈីង និងលោក សុង ថាវ រដ្ឋមន្ត្រីក្រសួងអន្តរជាតិ នៃគណៈកម្មាធិការកណ្តាល គណបក្សកុម្មុយនិស្តចិន បានថ្លែងសន្ទរកថារួចមក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឡើងថ្លែងសន្ទរកថា នៅលំដាប់ទី៣ ក្នុងចំណោមវាគ្មិន ចំនួន៦នាក់ ដែលត្រូវបានរៀបចំ ឱ្យឡើងថ្លែងសន្ទរកថា បង្ហាញពីទស្សនៈរបស់ខ្លួន ស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់រដ្ឋាភិបាលចិននេះ៕