(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឲ្យក្រុមហ៊ុន Cambodia Airports របស់បារាំង ពង្រីកផ្លូវរត់នៅព្រលានយន្តអន្តរជាតិខេត្តព្រះសីហនុ ឲ្យចប់មុនឆ្នាំ២០២២ ដើម្បីអាចឲ្យយន្តហោះធំៗ ប្រភេទ Boeing 777 ចុះចតបាន។
ការជំរុញរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអនុញ្ញាតិឲ្យតំណាងក្រុមហ៊ុន Vinci និងក្រុមហ៊ុន Cambodia Airports ដឹកនាំដោយលោក Eric Delobel នាយកប្រតិបត្តិចូលជួបសំដែងការគួរសម និងដឹកនាំកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។
Facebook ផ្លូវការរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិល បានចុះផ្សាយយ៉ាងដូច្នេះថា «ស្របតាមអនុសាសន៍សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា អាចទទួលយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅឆ្នាំ២០២២ និងគោលដៅបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិតរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុន Cambodia Airports ពង្រីកផ្លូវរត់ប្រវែងដល់ ៣៣០០ ម៉ែត្រ របស់អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលអាចធ្វើឱ្យយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបាន ត្រូវបញ្ចប់មុនឆ្នាំ២០២២»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ បានប្រកាសសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមួយ នៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២២។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ព្រលានយន្ដហោះកងកេង នៅក្នុងខេត្តព្រះសីហនុ ត្រូវក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង បានធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយ រាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិក ក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ៕