(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅវេលាម៉ោង៧៖០០ព្រឹកទី៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
បើតាម គ.ជ.ប បានបញ្ជាក់ថា សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដូចជា៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា FM 96 MHz, វិទ្យុជាតិកម្ពុជា AM 918 KMz, វិទ្យុវត្តភ្នំ FM 105.70 MHz និងទូរទស្សន៍ Online គ.ជ.ប។
ក្នុងការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ គ.ជ.ប នឹងប្រកាសចំនួនសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗ ទទួលបាននៅតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ចំនួនអាសនៈដែលគណបក្សនយោបាយនីមួយៗ ទទួលបាននៅតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ចំនួនសំឡេងឆ្នោតបានការសរុបនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ
ចំពោះឈ្មោះបេក្ខជនជាប់ឆ្នោត គ.ជ.ប នឹងបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ រាជធានី ខេត្ត និងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.necelect.org.kh៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖