(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះ បានសហការជាមួយក្រុមហ៊ុន អីចស្រ្ទីម ណែតវើក (Extreme Networks Inc) បើកសិក្ខាសាលាមួយ ស្តីពី ការប្រគល់សិទិ្ធចែកចាយផ្តាច់ មុខនូវផលិតផល Extreme របស់សហរដ្ឋអាមេរិក មកឲ្យក្រុមហ៊ុន អេនដ្រូមេដា (Andromeda) សម្រាប់ចែកចាយនៅក្នុងទីផ្សារកម្ពុជា។

សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារ Naga World រាជធានីភ្នំពេញ ដែលក្នុងនោះក្រុមហ៊ុន Extreme បានប្រគល់នូវវិញ្ញាបនប័ត្រដែល បញ្ជាក់ពីការព្រមព្រៀងប្រគល់សិទ្ធិ ចែកចាយផលិតផលរបស់ខ្លួនមកឲ្យក្រុមហ៊ុន Andromeda ដើម្បីធ្វើការចែកចាយ ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានថ្លែងឲ្យដឹងថា លោកមានកិត្តិយសយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកបានទទួលសេចក្តីទុកចិត្តពីក្រុមហ៊ុន Extreme ដែលជាក្រុមហ៊ុនលំដាប់កំពូល និងឈានមុខគេទៅលើផ្នែកប្រព័ន្ធបណ្តាញ Network ដូចជា៖ Switching Routing និង AP Wireless ដែលមានការចាប់អារម្មណ៍ខ្លាំងព្រមទាំងទទួលបានការគាំទ្រពីសំណាក់ដៃគូចែកចាយក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានាជាច្រើន។

លោកក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Andromeda និងផលិតផលព័ត៌មានវិទ្យាដទៃទៀត ដែលក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិចែកចាយផ្តាច់មុខដូចជា Barracuda, WatchGaurd, Panduit, Zebra, Pivot3, QNAP , Poly McAfee ហើយនឹង Extreme ជាដើម ដែលសុទ្ធសឹងតែជាផលិតផលកំពុងទទួលបានការទទួលស្គាល់ និងគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។

លោកបានបន្តថា «ដោយយោងទៅលើសក្តានុភាពជាមួយនឹងយុតិ្តសាស្រ្តដ៏រឹងមំា និងច្បាស់លាស់ដោយផ្តោតទៅលើសុក្រឹតភាព ក៏ដូចជាការផ្តល់នូវទំនុកចិត្តគ្រប់ដៃគូចែកចាយ និងអតិថិជនទាំងអស់ដែលជាកត្តាធ្វើឲ្យក្រុមហ៊ុនលោក បានទទួលសិទ្ធិចែកចាយផ្តាច់មុខពីក្រុមហ៊ុន Extreme នៅក្នុងទីផ្សារកម្ពុជា។

កញ្ញា Vivian Lim និងលោក Ogie Tabor អ្នកតំណាងឲ្យក្រុមហ៊ុន Extreme ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Andromeda ដែលបានសហការ និងបង្កើតកម្មវិធីនេះឡើងក៏ដូចជាផ្តល់ឱកាសឲ្យកញ្ញាបានធ្វើបទបង្ហាញលំអិត អំពីដំណេះស្រាយផលិតផលរបស់ខ្លួន នៅក្នុងសិក្ខាសាលាដែលផ្តោតទៅលើភាពខុសគ្នារវាង Extreme ដែលមានដូចជា៖ Extreme Applications, Extreme Switching, Extreme Routing, និង Extreme Mobility។

ក្រុមហ៊ុន Andromeda ក៏បានផ្តល់រង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត តាមរយៈការចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនដែលបានចូលរួមកម្មវិធីការថតរូបទុកជាអនុស្សាវរីយ៍ និងការពិសារអារហារសាមគ្គី ក្នុងឱកាសធ្វើសិក្ខាសាលានោះផងដែរ៕