(ត្បូងឃ្មុំ)៖ ឆ្នាំនេះខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការបំពុលខ្យល់» ដែលធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិទ្យាល័យ ហ៊ុនសែន ពញាក្រែក ក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្រោមការរៀបចំ ដោយមន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត ត្រូវរួមគ្នាស្រលាញ់លើកកម្ពស់ អនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់ៗគ្នា តាំងពីទីក្រុង រហូតដល់ជនបទ គឺត្រូវមានទំនួលខុសត្រូវស្មើៗគ្នា លើបញ្ហាបរិស្ថាននេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានផ្សារភ្ជាប់នូវជំហរ រក្សាការពារ និងអភិរក្សធនធានធម្មជាតិ យ៉ាងពេញផុសផុល។
លោកអភិបាលខេត្ត បានលើកឡើងផងដែរថា កន្លងមកអាជ្ញាធរ បានយកចិត្តទុកដាក់ខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដំណើរការ ដើម្បីទទួលបានជោគជ័យ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរបរិស្ថានខេត្ត ពិសេសអាជ្ញារធរ និងមន្ត្រីរាជការនៃខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋ យុវជនសសយក សិស្សនិស្សិតជុំវិញខេត្ត ដែលតែងតែផ្តល់ការគាំទ្រ ដល់គ្រប់ចលនាបរិស្ថានក្នុងខេត្ត ព្រមទាំងសាទរ ជាមួយនឹងពាក្យស្លោក នៃទិវាបរិស្ថាន ឆ្នាំ២០១៩នេះ «រួមគ្នាទប់ស្កាត់ការបំពុលខ្យល់»។
លោក ហ៊ួរ ពិសិដ្ឋ ប្រធានមន្ទីរ បរិស្ថានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គោលបំណងនៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនានេះ ក្នុងន័យលើកកម្ពស់ ការយល់ដឹងសាធារណៈ និងរួមគ្នាទប់ស្កាត់ ការបំពុលខ្យល់ និងការប្រើប្រាស់ធនធានធម្មជាតិ។ លោកបន្ថែមថា ការបំពុលខ្យល់ កើតចេញពីកត្តាមនុស្ស កត្តាបាតុភូតធម្មជាតិ ការបញ្ចេញផ្សែង និងកាកសំណល់ ចេញពីរោងចក្រ ការបញ្ចេញផ្សែងពីគ្រឿងយន្តគ្រប់ប្រភេទ ការដុតសម្រាម ភ្លើងឆេះព្រៃ ព្យុះខ្យល់ -ល-។
លោកថា ក្នុងនោះ ដើម្បីជំរុញឲ្យចលនានៃការប្រារព្ធទិវានេះ ប្រព្រឹត្តទៅបានយ៉ាងផុសផុល ប្រកបដោយផ្លែផ្កា មន្ទីរបរិស្ថាន ស្នើឲ្យមានការសហការ ចូលរួមពីមន្ទីរពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល សហគមន៍ និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ក្នុងទិវានោះដែរ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងដែរថា ក្នុងពេលថ្មីៗកន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុកពញាក្រែក បានធ្វើអនាម័យ បោសសំរាម តាមដងផ្លូវ សាធារណៈ លាងផ្លូវ ស្តារលូ ដាក់ធុងសំរាម ដាក់ប៉ាណូជាច្រើនកន្លែង ព្រោះយើងចង់ធ្វើឲ្យសម្រេចគោលដៅទីក្រុងស្អាត។ ក្នុងទិវានោះ ក៏មានការដាំកូនឈើ ដើម្បីលើកកម្ពស់បរិស្ថានបៃតង បង្កើតខ្យល់បរិសុទ្ធ និងបង្កើនសោភ័ណភាព នៃទីប្រជុំក្នុងខេត្តផងដែរ៕