(ភ្នំពេញ)៖ លោក Shiekh Saud F. M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការ OIC។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីឯកអគ្គរាជទូតថ្មីរូបនេះ ត្រូវបានព្រះករុណា ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយនឹងការអបអរសាទររបស់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសទៅចំពោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ឯកអគ្គរាជទូតថ្មីរូបនេះ ក៏បានថ្លែងនូវការអបអរសាទរចំពោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដែលត្រូវបានតែងតាំងជាបេសកជនពិសេសរបស់កម្ពុជាប្រចាំ នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)។
លោកបន្តថា នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតកាន់តែប្រសើរឡើង និងយូរអង្វែង ហើយក៏ជាការបោះជំហានពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យនានា ជាមួយបណ្តាប្រទេសជាសមាជិកអង្គការ OIC ដែលមាន៥៧ប្រទេស។
ក្នុងនាមបេសកជនពិសេស ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានជំរុញឲ្យអារ៉ាប៊ីសាអូឌីត មកបណ្តាកទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មហាឡាល និងវិស័យនានា និងជំរុញឲ្យមានកំណើនភ្ញៀវទេសចរពីតំបន់អារ៉ាប់មកកាន់កម្ពុជាផងដែរ៕