(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការរៀបចំសៀវភៅក្បាច់គុនកងយោធ ពលខេមរភូមិន្ទ បានលើកឡើងថា សៀវភៅក្បាច់គុនកងទ័ព ជាឯកសារពិសេស ជាងឯកសារផ្សេងៗទៀត របស់បុព្វបុរសខ្មែរបានបន្សល់ទុកជាង ១ពាន់ឆ្នាំមុន ត្រូវបានកូនខ្មែរជំនាន់ក្រោយ ចងក្រងឡើងវិញ ដើម្បីហ្វឹកហ្វឺនដល់កងទ័ពខ្មែរ។ ក្បាច់គុននេះ នឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់។
ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញបើកសិក្ខាសាលា «ប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ» នៅកងពលតូចថ្មើរជើងលេខ៧០។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទទាំងអស់គ្រប់កងឯកភាពត្រូវ ទៅហ្វឹកហាត់ក្បាច់គុនខ្មែរជាមូលដ្ឋាន ហើយជាការថែរក្សាការពារក្បាច់គុនខ្មែរ និងបង្កើនកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺលើពិភពលោក ថ្ងៃអនាគតកម្លាំងនគរបាលជាតិ និងបញ្ចូលកម្មវិធីហ្វឹកហ្វឺនក្បាច់គុនខ្មែរផងដែរ»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា សៀវភៅក្បាច់គុណខ្មែរនេះ មានលក្ខណៈពិសេសមួយវាមិន មែនគ្រាន់តែជាឯកសារសម្រាប់កងយោធ ពលខេមរភូមិន្ទហ្វឹកហ្វឺននោះទេ។ ឯកសារក្បាច់គុននេះ គឺជារបស់ខ្មែរ ដែលបុព្វបុរសបានចងក្រងបង្កើតឡើង។ សៀវភៅក្បាច់គុននេះ ត្រូវបានចងក្រង និងរៀបចំឡើងវិញដោយកូនខ្មែរសុទ្ធ បានរៀបចំដាក់ចូល ទៅក្នុងកម្មវិធីហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទនេះ គឺជាមោទនភាពរបស់ជាតិខ្មែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សមិទ្ធផលដ៏មានសារៈសំខាន់នេះ បានកើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចធ្លាប់បានប្រកាសជាសាធារណៈក្នុងកម្មវិធីបើកអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដោយឱ្យដាក់បញ្ចូលកម្មវិធីក្បាច់គុនខ្មែរ ទៅក្នុងការហ្វឹកហាត់កងយោធពលខេមរភូមិន្ទ មានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ក្រសួងការពាជាតិ សហការជាមួយនឹងសហព័ន្ធក្បាច់គុនខ្មែរ និងសហព័ន្ធកីឡាក្បាច់គុនល្បុកតោ ចងក្រងឯកសារសម្រាប់ហ្វឹកហ្វឺន ដល់កងខេមរភូមិន្ទ។
ឧត្តមសេនីយ៍ បានបន្ថែមយ៉ាងដូច្នេះថា៖ «ករណីសៀវភៅក្បាច់គុណនេះ គឺវាមានករណីពិសេសមួយមិនគ្រាន់តែជាឯកសារសម្រាប់ហ្វឹកហ្វឺនទេ ប៉ុន្តែវាជាឯកសារពិសេសជាងឯកសារផ្សេងៗទៀត ត្រង់ថានេះ ជារបស់ខ្មែរសុទ្ធ ជារបស់ដែលបុព្វបុរសខ្មែរបានចងក្រង បង្កើតឡើងតាំងពីមុន អាឡូវគឺរៀបចំចងក្រងស្រាវជ្រាវឡើងវិញ ដោយកូនខ្មែរសុទ្ធ សមត្ថភាពខ្មែរសុទ្ធ រៀបចំដាក់ក្នុង កម្មវិធីហ្វឹកហ្វឺនរបស់កងទ័ពខ្មែរ នឹងត្រូវរៀបចំបណ្តុះបណ្តាលហ្វឹកហ្វឺនដោយគ្រូខ្មែរសុទ្ធ និងឱ្យកងទ័ពខ្មែរសុទ្ធបានន័យថានេះជាមោទនភាពជាតិរបស់យើង»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅគ្រប់កងឯកភាព ទ័ពទាំងអស់ត្រូវហ្វឹកហាត់ក្បាច់គុនខ្មែរជាមូលដ្ឋានគ្រឹះ ត្រូវថែរក្សាការពារក្បាច់គុនខ្មែរ ព្រមទាំងបង្កើនកេរ្តិ៍ ឈ្មោះក្បាច់គុនខ្មែរឱ្យកាន់តែល្បីរន្ទឺ លើពិភពលោកហើយនៅថ្ងៃ អនាគតកម្លាំង នគរបាលជាតិ និងបញ្ចូលកម្ម វិធីហ្វឹកហ្វឺនក្បាច់គុនខ្មែរផងដែរ។ នៅថ្ងៃអនាគតក្បាច់គុនខ្មែរនឹងដាក់បញ្ចូលទៅក្នុងការប្រកួតស៊ីហ្គេមនឹងសុំ ចុះឈ្មោះជាបេតិកភណ្ឌអរូបិយរបស់កម្ពុជា។
សូមរម្លឹក ថាពិធីចុះអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហការរៀបចំចងក្រង និងបណ្តុះបណ្តាលក្បាច់គុនកងយោធពលខេមរភូមិន្ទ រវាងគណៈកម្មការរៀបចំក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា សហព័ន្ធកីឡា ប្រដាល់កម្ពុជា និងសហព័ន្ធយុទ្ធក្រមខម បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
កាលពីឆ្នាំ២០១៧ កងយោធពលខេរភូមិន្ទ បានបង្កើតក្រុមការងារមួយដើម្បីសិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្ដីពីក្បាច់គុនទាំង៣ ដែលមានល្បុក្កតោ ប្រដាល់ និងយុទ្ធគុនខម ដែលនៅពេលសំយោគ រួចមានការបើកសិក្ខាសាលា ដើម្បីជជែកវែកញែកធ្វើយ៉ាងណាឱ្យក្បាច់គុន ដែលត្រូវបញ្ចូលក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពកាន់តែខ្លាំង។ ក្បាច់គុណយុទ្ឋក្រមខម បកប្រែថាក្បួនពិជ័យសង្រ្គាមមហានគរក្បាច់គុណនេះ ត្រូវបានបង្រូបបង្រួមដោយព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានប្រមូលផ្ដុំក្បួនច្បាប់៣ សម័យកាលរួមបញ្ចូលគ្នារួមមានសម័យនគរភ្នំ សម័យចេនឡា និងសម័យអង្គរ។ ក្នុងគម្ពីរយុទ្ធក្រមខម ចែកចេញជា៣ក្បួនច្បាប់ធំៗ គឺយុទ្ធគុណខមយុទ្ធសាស្រ្តខម និងយុទ្ធសិល្ប៍ខម។
ក្នុងនោះយុទ្ធគុនខម បែងចែកចេញជា១៣ មេគុណ (ទ្វារ) សម្រាប់ពីទ្វារទី១ ដល់ទី៨ គេហៅថា (អត្ថយុទ្ធ) ទ្វារ៩ ដល់ទ្វារ១០ គេប្រើសម្រាប់ស្នៀតកាច់ទ្វារទី១១ គឺទាក់ទងនឹងដំបង លំពែង ទ្វារទី១២ ហៅថា (ខ័នយុទ្ធ) ដែលមានដាវ និងកាំបិត រីឯទ្វារទី១៣ គឺទាក់ទងនឹង មន្តអាគម។
ក្បាច់គុនយុទ្ធក្រមខម ជាក្បាច់គុណរបស់ខ្មែរ ដែលមានតាំង ពីសម័យព្រះបាទជ័យវរ្ម័នទី៧ ហើយពេលនេះ ត្រូវបានគេស្គាល់កាន់តែច្រើន តាមរយៈការសម្តែងនៅតាមបណ្តាស្ថានីយទូរទស្សន៍នានា និងក្នុងពិធីបុណ្យជាតិធំៗ ជាពិសេសក្បាច់គុណមួយនេះ ត្រូវបានដាក់បញ្ចូល ក្នុងការហ្វឹកហាត់របស់កងយោធពលខេមរភូមិន្ទផងដែរ៕