(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានលើកឡើងថា កម្ពុជាមានប្លុកប្រេងកាតចំនួន ២៥កន្លែងនៅក្នុងដែនសមុទ្រ និងដែនគោក។ ខណៈមន្ត្រីជំនាញអះអាងថា ដំណក់ប្រេងដំបូងអាចទាញយកមកប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងសិក្ខាសាលាឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នៅព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លោក ស៊ុយ សែម បានលើកឡើងថា ក្នុងទស្សវត្សរ៍ ឆ្នាំ១៩៧០ ក្រុមជំនាញប្រេងកាតរបស់បារាំង បានចាប់ផ្តើមរុករកធនធានប្រេងកាត ដោយបានខួងអណ្តូងចំនួន៣កន្លែង នៅដែនសមុទ្រកម្ពុជា ប៉ុន្តែសកម្មភាពនេះ ត្រូវបានផ្អាកទៅវិញ ដោយសារតែសង្គ្រាម។

លុះដល់ឆ្នាំ១៩៨៧ ការសិក្សា ស្រាវជ្រាវបានចាប់ផ្តើមឡើងវិញ ក្រោមកិច្ចសហប្រតិបតិ្តការជាមួយអ្នកជំនាញប្រេងកាត អតីតសហភាពសូវៀត ហើយគូសផែនទីបែងចែកប្លុកស្វែងរុករកប្រេងកាតទូទាំងប្រទេសកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី ការគូសផែនទីប្រេងកាតនេះ ផ្អែកទាំងស្រុងលើលក្ខខណៈភូគព្ភសាស្ត្រទាំងដែនគោក និងដែនដែនសមុទ្រ ហើយមកដល់បច្ចុប្បន្នកម្ពុជា មានប្លុកស្វែងរុករកប្រេងកាតចំនួន២៥។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ។

លោក ស៊ុយ សែម បានឱ្យដឹងទៀតថា ដោយសារឃើញប្លុកប្រេងកាតនៅកម្ពុជា មាន នោះ នៅក្នុងឆ្នាំ១៩៩១ ក៏មានការដេញថ្លៃប្លុកប្រេងកាតនៅដែនសមុទ្រកម្ពុជាលើកដំបូង ដោយកម្ពុជាបានផ្តល់សិទ្ធិរុករកនៅដែនសមុទ្រឱ្យក្រុមហ៊ុនចំនួន៣។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និងផ្តល់សិទ្ធិឱ្យសាជីវកម្មប្រេងកាតជប៉ុន ធ្វើការវាស់ស្ទង់តាមអាកាស ដើម្បីវាយតម្លៃស្ថានភាពភូគព្ភសាស្ត្រជុំវិញតំបន់ទន្លេសាប និង តំបន់ ទន្លេ មេគង្គ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល ក៏បានចុះកិច្ចព្រមព្រៀងប្រេងកាត ឱ្យក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន នៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបង្ហាញពីសាវតារនៃការរុករកប្រេងកាតនៅកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សកម្មភាពសិក្សារុករកប្រេងកាតនៅកម្ពុជាកាន់តែដំណើរការ ច្រើនឡើងវិញទាំងនៅក្នុងដែនសមុទ្រ និងដែនគោក។

ជាពិសេសនៅក្នុងឆ្នាំ២០០២ រាជរដ្ឋាភិ បាលបានចុះកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក «A» ជាមួយក្រុមហ៊ុន Chevron ដើម្បីធ្វើការស្វែង រុករកប្រេងកាតនៅដែនសមុទ្រកម្ពុជា និងក្នុងឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Petroleum Geo-Services ធ្វើការវាស់ស្ទង់ 2D Seismic ទាំងដែនគោក និងដែនសមុទ្រ និងបានចុះកិច្ចព្រមព្រៀង ប្រេងកាតជាមួយក្រុមហ៊ុនមកពីប្រទេសថៃ ចិន ជប៉ុន វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីធ្វើការស្វែងរុករក ដែលក្រុមហ៊ុនទាំងនោះ សុទ្ធតែជាក្រុមហ៊ុនជំនាញ និងមានបទពិសោធន៍ និងសមត្ថភាពហិរញ្ញវត្ថុក្នុងសកម្មភាព សិក្សាស្វែងរុករកប្រេងកាតនៅកម្ពុជា។

លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានឱ្យដឹងថា កម្ពុជាអាចផលិតប្រេងបានក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្រោមកិច្ចសហការរវាងក្រសួង ជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលឲ្យបូមប្រេងនៅអណ្តូងអប្សរាក្នុងប្លុក A។

អ្នកនាំពាក្យរូបនេះបន្ថែមថា ស្របពេលដំណក់ប្រេងកាតដំបូងរបស់កម្ពុជា រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនចិនសហការជាមួយកម្ពុជាក៏នឹងដំណើរការជំហានដំបូងរបស់ខ្លួនផងដែរ។ រោងចក្រនេះអាចចម្រាញ់ប្រេងបានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ខណៈជំហានទី២ នឹងមានសមត្ថភាពចម្រាញ់ប្រេង នឹងកើនឡើងដល់ ៥លានតោនក្នុងមួយឆ្នាំ។

លោក ជៀប សួរ ថែមទាំងបានឱ្យដឹងទៀតថា រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ត្រូវបានបើការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០១៧ វិនិយោគដោយក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និងក្រុមហ៊ុន ដៃគូរបស់ប្រទេសចិន មានទំហំទឹកប្រាក់ជាង ៦០០លានដុល្លារ៕