(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៣២០ខ្នងផ្ទះ រស់នៅលើអតីតផ្លូវរថភ្លើង ដែលរងផលប៉ះពាល់យូរមកហើយ នូវការអភិវឌ្ឍន៌ជាផ្លូវបេតុង ចាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ រហូតទៅទល់ផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានអបអរសាទរ សប្បាយចិត្តរីករាយយ៉ាងក្រៃលែង ក្រោយពីពួកគាត់ទទួលបានដំណឹងចេញពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថាក្នុងពេលខាងមុខ នឹងទទួលបានគោលនយោបាយប្រទានកម្មដីធ្លីទំហំ (៤ម៉ែត្រ គុណ១៥ម៉ែត្រ) ស្ថិតនៅប្របមាត់ប្រឡាយអូរវែង ក្រោយវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋរស់នៅលើអតីតផ្លូវរថភ្លើងទទួលដំណឹងដ៏ល្អ និងសប្បាយចិត្តរីករាយក្រៃលែងនេះ បន្ទាប់ពីតំណាងពួកគាត់ទាំងអស់គ្នា បានដាក់សំណួរចំនួន៥ ស្ថិតនៅក្នុងវេទិកាសាធារណៈមួយ ដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ផ្លូវបេតុងលើអតីតផ្លូវរថភ្លើង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួន ក្រោមអធិបតីភាពលោក ជា ពិសី និងលោក សាំ ពិសីដ្ឋ នៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
សំណួរទាំង៥នោះរួមមាន ទី១៖ក្រៅពីការដោះស្រាយផលប៉ះពាល់ដោយការផ្តល់ដីឡូត៌ តើរដ្ឋាភិបាលមានផ្តល់អ្វីបន្ថែមទៀតដែរឫទេ ដូចជាថ្លៃដឹកជញ្ជូន ឬសម្ភារសំណង់ផ្សេងៗ? ទី២៖តើអ្នកដែលប៉ះពាល់អស់ទាំងស្រុង និងអ្នកដែលមានដីប្រវែងក្រោម ១៧ម៉ែត្រ ត្រូវទទួលបានដីឡូត៌ទំហំ (៤ម៉ែត្រ គុណ១៥ម៉ែត្រ) ស្មើៗគ្នាឬយ៉ាងណា? ទី៣៖ចំពោះការចំណាយទៅលើការតភ្ជាប់ប្រព័ន្ធអគ្គិសនី និងបណ្តាញទឹកស្អាត តើរដ្ឋជាអ្នកចំណាយឲ្យឬត្រូវចំណាយដោយផ្ទាល់ខ្លួន? ទី៤៖ចំពោះការសាងសង់សំណង់នៅលើដីឡូតិ៍ថ្មី តើអាចមានបញ្ហាជញ្ជាំងជាប់ព្រំគ្នាដែរ ឬទេ? ទី៥៖ចំពោះផ្ទះ និងក្បាលដី ដែលនៅសល់ក្រោយ កាត់ធ្វើជាផ្លូវបេតុងថ្មីរួច (អាចរស់នៅបន្តបាន) តើរដ្ឋមានសំណងចំពោះសំណង់ប៉ះពាល់នោះដែរ ឬទេ?
យ៉ាងណាក៏ដោយ លោក ជា ពិសី និងលោក សាំ ពិសិដ្ឋ បានធ្វើការបកស្រាយជូនតាមការលើកឡើងនីមួយៗ និងធ្វើឲ្យប្រជាពលរដ្ឋ ទាំងអស់អបអរសាទរ ហើយឯកភាពយល់ព្រមទទួលយកទាំងស្រុង នូវគោលនយោបាយប្រទានកម្មដោះស្រាយដីធ្លី របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕