(ភ្នំពេញ)៖ ក្រុមហ៊ុន វីសា (Visa) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិ ដ៏ធំលើពិភពលោក នៅថ្ងៃទី0៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជា កំពុងតែទទួលយកការទូទាត់ប្រាក់ តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន៤៣ភាគរយ លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់ វីសាកាត (Visa Card) និងមានការកើនទ្បើងរហូតដល់៥៨ភាគរយ បើគណនាលើចំនួនប្រតិបត្តិការ។
ទិន្នន័យនេះ បានមកពីការប្រៀបធៀប លើការចំណាយរវាងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ យោងលើការសិក្សាស្រាវជ្រាវ អំពីឥរិយាបទក្នុងការបង់ប្រាក់ របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ ២០១៨។
តាមរយៈការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រហែល១ភាគ៣រំពឹងថា ការទូទាត់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវា មានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយ នឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរ។ ប្រជាជនកម្ពុជា៥៤ភាគរយជឿជាក់ថា សេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅដោយមិនចាំបាច់ ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេល៧ឆ្នាំខាងមុខនេះ។
តាមរយៈការសិក្សានេះក៏បានរកឃើញថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិក ទំនងជាត្រូវបានប្រើប្រាស់ នាពេលអនាគតក្នុងនោះ ពួកគេរំពឹងថា ការទូទាត់បែបនេះនឹងត្រូវ បានប្រើប្រាស់នៅតាមបណ្តាផ្សារ ទំនើប៧៩ភាគរយ ហើយ៦១ ភាគរយ ក្នុងផ្សារទំនើបធំៗ និង៤៩ភាគរយ នៅហាងទំនិញជាច្រើនទៀត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានថ្លែងថា ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយម ចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា មានកំណើន GDP ៧ភាគរយនៅឆ្នាំនេះ និងមានការថយចុះក្រោម ៧ភាគរយបន្តិចនៅឆ្នាំក្រោយ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឱ្យយើងមានការរំពឹងទុកថា ប្រព័ន្ធនៃការទូទាត់ប្រាក់របស់ ប្រទេសយើងនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកក្រុមហ៊ុន វីសា ក៏មានការរំភើបរីករាយ ក្នុងការធ្វើការជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជន អ្នកប្រើប្រាស់ផ្ទាល់ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។
ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះ នៃការទទួលយកបច្ចេកវិទ្យាទូទាត់ ប្រាក់បែបថ្មីនេះតាមរយៈការស្រាវជ្រាវបានបង្ហាញថា២៤ភាគរយ នៃអ្នកត្រូវបានស្ទង់មតិចាប់អារម្មណ៍ទៅលើការទូទាត់ តាមរយៈទូរស័ព្ទដៃ ដោយក្នុងនោះ ១ភាគ៣មានចំណាប់អារម្មណ៍ ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់ តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះ ក៏បានរកឃើញថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់ តាមរយៈទូរស័ព្ទដៃ ទៅលើផលិតផល និងសេវាកម្មឈានមុខមួយ ចំនួនទាក់ទងនឹងផ្នែកសុខភាពកីឡា ការទិញលក់រាយ ការកម្សាន្ត និងដំណើរ ទេសចរណ៍ជាដើម។
អ្នកស្រីនាយិកាគ្រប់គ្រងវីសា បានបន្តថា១ភាគ៣ នៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើន ដោយក្រុមហ៊ុនវីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់ នៅក្នុងហាងទំនិញជាង១,៣២៦កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញ នៅពេលដែលបច្ចេកវិទ្យានេះ ទើបត្រូវបានដាក់ឲ្យដំណើរការ។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការ ទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់ តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាល និងធនាគារជាដៃគូរបស់យើង ក្នុងការណែនាំ នូវការទូទាត់ប្រាក់ តាមរយៈភាពច្នៃប្រឌិត នៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និងងាយស្រួលព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និងទទួលប្រាក់សម្រាប់ប្រជាជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជា៕