(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី «ការលើកកម្ពស់ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រោងចក្រ-សហគ្រាស ធុនតូច និងមធ្យម» ក្រោមអធិបតីភាព លោក គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រោងចក្រ-សហគ្រាសធុនតូច និងមធ្យម» នេះរៀបចំឡើងដោយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្នុងនោះនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមជាអង្គភាពសហការអនុវត្តន៍ផ្ទាល់ជាមួយ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានឲ្យដឹងថា «ក្នុងនាមជាស្ថាប័នសម្របសម្រួល វិស័យសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា ខ្ញុំសូមជម្រាបជូនអង្គសិក្ខាសាលាថា សហគ្រាសធុនតូច និងមធ្យមកម្ពុជា សរុបប្រមាណជាង៥០ម៉ឺនមូលដ្ឋាន បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រងសេដ្ឋកិច្ចជាតិ ក្នុងនោះមាន SME ផ្នែកសេវាកម្ម, ផ្នែកផលិតកម្ម, ផ្នែកសិឧស្សាហកម្ម, ផ្នែកពាណិជ្ចកម្ម, បានរួមចំណែកប្រមាណ៥៨%ចូលក្នុងផលទុនជាតិសរុប នេះយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៨»។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា កន្លងមកនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានខិតខំយ៉ាងសកម្ម ក្នុងការជួយរៀបចំយន្តការ សម្រាប់ការទទួលបានហរិញ្ញប្បទាន និងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ និងហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្បមឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា ជាក់ស្តែងកាលពីចុងខែមករា ឆ្នាំ២០១៩នេះ នាយកដ្ឋានបានសហការជាមួយអង្គការ UNESCAP រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធអំពីការពង្រឹងហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាផងដែរ ដើម្បីទទួលបានធាតុចូល សម្រាប់អភិវឌ្ឍជាយន្តការ ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយសម្រាប់ការពង្រឹងការទទួលបាន ប្រភពហិរញ្ញប្បទានដល់ SME ក៏ដូចជាការរីកចំរើនលើវិស័យនេះ។
លោកប្រធានក៏បានបញ្ជាក់ផងដែរថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រមាណជាង ៩០ភាគរយ ពុំធ្លាប់បានទទួលការបណ្តុះបណ្តាល សមត្ថភាពអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រមាណជាង ៨៥ភាគរយ កំពុងជួបបញ្ហាប្រឈមនឹងការទទួលបានប្រាក់កម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុនានា នៅកម្ពុជាផងដែរ។
លោកបន្ថែមថា «ខ្ញុំសូមគាំទ្រការផ្តួចផ្តើមសិក្ខាសាលានាថ្ងៃនេះព្រោះថា សិក្ខាសាលាផ្សព្វផ្សាយនេះ អាចជួយចែករំលែកចំណេះដឹង និងលើកកំពស់សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ នៅក្នុងស្ថាប័នអាជីវកម្ម ដើម្បីឲ្យដំណើរការអាជីវកម្មរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពិតជាត្រូវការប្រភពហិរញ្ញប្បទានមួយ សមស្របទៅនឹងលក្ខខ័ណ្ឌអាជីវកម្មរបស់ខ្លួន។ ការយល់ដឹងពីចំណេះដឹងលើការងារគ្រប់គ្រងហិរញ្ញប្បទាន និងហិរញ្ញវត្ថុច្បាស់លាស់ ទើបអាជីវកម្មអាចបន្តដំណើរការ អាជីវកម្មមានប្រសិទ្ធភាព និងមានភាពប្រកួតប្រជែងលើទីផ្សារ»។
ជាមួយគ្នានេះ លោក គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងដែរថា ដោយមើលឃើញពីសារៈសំខាន់នៃ វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម រាជរដ្ឋាភិបាលកម្ពុជាបានដាក់វិស័យនេះ ជាវិស័យអាទិភាពក្នុងគោលនយោបាយជាតិ ហើយក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុង យកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារជំរុញ និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម។
លោកបន្ដថា ជាក់ស្តែងយើងបានឃើញការចាប់ផ្តើមថ្មីៗ ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាដូចជា៖ ការបង្កើតឲ្យមានធនាគារ SME និង Entrepreneurship Promotion Fund ជាដើម។
លោកបន្ថែថា ដើម្បីទទួលបានហរិញ្ញាប្បទានក៏ដូចជា ការប្រកបអាជីវកម្មដោយភាពរលូន ទាមទារឲ្យមានចំណេះដឹងច្បាស់លាស់ លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុក្នុងអាជីវកម្ម ការប្រើប្រាស់ហិរញ្ញប្បទានឲ្យមានប្រសិទ្ធភាព និងចំគោលដៅព្រមទាំងការជ្រើសរើស ប្រភពហិរញ្ញប្បទានដែលសមស្រប នឹងស្ថានភាពអាជីវកម្មរបស់ខ្លួន។
លោកបញ្ជាក់ថា សិក្ខាសាលផ្សព្វផ្សាយស្ដីពី «ការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ រោងចក្រ-សហគ្រាសធុនតូច និងមធ្យម» នឹងជួយចែករំលែកចំណេះដឹង និងបំពេញបន្ថែមចំណុចល្អៗ លើការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញប្បទានឲ្យមានភាពប្រសើរឡើង ដល់ស្ថាប័នអាជីវកម្មរបស់លោកអ្នក៕