(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ប្រចាំឆ្នាំ២០១៩ នៅសាលមហោស្រព ខេត្តក្រចេះ។
ទិវានេះមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងមេបញ្ជាការ បញ្ជាការងកងកម្លាំង ព្រមទាំងយុវជនកាកបាតក្រហមកម្ពុជា យុវជនកាយរឹទ្ធ យុវជន សសយក និងយុវជនស្រឡាញ់សន្តិភាព និងសិស្សានុស្ស និស្សិតជិត ៥០០នាក់។
លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានលើកឡើងថា ទិវានេះរៀបចំឡើងដោយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយការបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ការបើកបរហួស ល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទំងន់កំណត់ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ទៀតថា គ្រោះថ្នាកចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩នេះ មានការថយចុះចំនួន ១៩ករណី ស្មើ៩,៣៨% កាត់បន្ថយចំនួនអ្នកស្លាប់ ៤នាក់ ស្មើ១០,៥២% និងកាត់បន្ថយចំនួនអ្នករបួស ៤៥នាក់ ស្មើ២៩,៨០% បើប្រៀបធៀបនឹងរយៈពេលដួចគ្នា ឆ្នាំ២០១៨។ មូលហេតុដែលបង្កគ្រោះថ្នាក់ភាគច្រើន គឺបញ្ហា៖ មិនគោរពសិទ្ធិអាទិភាព និងបើកបរលើសល្បឿន កំណត់។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី ១២នេះ ក្នុងគោលបំណងផ្សព្វផ្សាយទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរផ្លូវគោកឲ្យមកចំនួនទាប។
លោកបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តក្រចេះ និងក្នុងនាមជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ ត្រូវចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍»។
ត្រង់ចំណុចនេះ លោក វ៉ា ថន បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការដូចខាង ក្រោមនេះឲ្យបានទាំងអស់គ្នា៖
១-ត្រួវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់
២- សូមកុំដឹកអ្នកដំណើរ ឬទំនិញលើស ច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មរមិនត្រូវដឹកលើដំបូល សូមកុំតម្លើងថ្លៃ ធ្វើដំណើរក្នុងឱកាសបុណ្យធំៗនានា
៣- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរ តាមទោចក្រយានយន្ត
៤- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលបើកបររថយន្ត
៥- ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចណ៍ និងប្រកាន់ស្ដាំជានិច្ច
៦- មិនត្រូវបើកបរ លើសល្បឿនកំណត់ជាដាច់ខាត
៧- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
៨- មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន
៩- មិនត្រូវបើកបរក្នុងស្ថានភាព ងងុយដេកជាដាច់ខាត
១០- ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យគ្នា។
ទាំង ១០ចំណុច ទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស។ ក្នុងឱកាសនោះអភិបាលខេត្ត ក៏មានចែកមួកសុវត្ថិភាពជូនដល់សិស្ស និស្សិត សិស្សកាយរិទ្ធមួយចំនួនផងដែរ ដើម្បីឲ្យពួកគាត់យកទៅផ្សព្វផ្សាយបន្ដ និងឲ្យពួកគាត់យលដឹងអំពីសុវត្តិភាពចរាចរណ៍៕